កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រុមប៉ូលិស FBI បានចុះធ្វើការឆែកឆេរផ្ទះអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានគេស្គាល់ថាជាភូមិគ្រឹះ Mar-a-Lago ស្ថិតនៅរដ្ឋ Florida ជាមួយនឹងការចោទប្រកាន់ថា លោកបានយកឯកសារសំខាន់ៗមួយចំនួនពីសេតវិមានមកផ្ទះរបស់លោក។ នេះបើតាមការចុះផ្សាយពី CNN។
ទន្ទឹមនឹងការចុះឆែកឆេរមួយនេះ អតីតថ្នាក់ដឹកនាំអាមេរិកគឺមិនបានស្ថិតនៅក្នុងផ្ទះនេះឡើយ ពោលគឺលោកកំពុងស្នាក់នៅ Trump Tower នៃទីក្រុង New York ហើយលោកបានអះអាងថា ក្រុមប៉ូលិស FBI ថែមទាំងបានគាស់ទូដែករបស់លោកថែមទៀត។ នេះបើតាមប្រភពជិតស្និទ្ធមួយប្រាប់ CNN។
គួសបញ្ជាក់ដែរថា ដីកាចុះឆែកឆេរផ្ទះនេះគឺបានកើតឡើង បន្ទាប់ពីមហាសេដ្ឋីខាងលើចាប់ផ្ដើមធ្វើព្យុះធ្វើភ្លៀងជាមួយនឹងក្រសួងយុត្តិធម៌ ក៏ដូចជាកិត្តិនាមរបស់លោកបានជាប់នៅក្របសារព័ត៌មានធំៗជាច្រើនមួយរយៈចុងក្រោយ ស្របពេលលឺដំណឹងថា នៅឆ្នាំ ២០២៤ ខាងមុខ ដូណាល់ ត្រាំ នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀត៕