បើនិយាយពី Jack Ma ជឿថាអ្នកណាៗក៏ស្គាល់មហាសេដ្ឋីរូបនេះដែរ ដោយសារតែប្រវត្តិតស៊ូរបស់លោកត្រូវបានគេដឹងស្ទើរទូទាំងពិភពលោក ទម្រាំបានក្លាយជាស្ដេចត្រាញ់មួយរូបប្រចាំប្រទេសចិន។

ថ្វីបើប្រវត្តិរបស់លោកត្រូវបានដឹងយ៉ាងទូលំទូលាយពិតមែន ប៉ុន្តែសម្រាប់ក្រុមគ្រួសារវិញគឺមិនសូវត្រូវបានគាស់កកាយប៉ុន្មានឡើយ តួយ៉ាងដូចជា Ma Yuankun ដែលមានឈ្មោះហៅក្រៅ Jerry Ma ជាកូនប្រុសទោលរបស់មហាសេដ្ឋីចិនជាដើម។

សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូវស៍សូមគាស់កកាយត្រួសៗពីជីវប្រវត្តិរបស់កូនប្រុសទោលនៃគ្រួសារលំដាប់កំពូលមួយប្រចាំប្រទេសចិន គឺ Ma Yuankun។ កើតនៅឆ្នាំ ១៩៩២ ប៉ុន្តែសម្រាប់ថ្ងៃ និងខែគឺ មិនត្រូវបានទម្លាយឲ្យដឹងឡើយ ហើយ Jerry Ma គឺធំធាត់ឡើងជាមួយសាច់ញាតិដទៃទៀត។

សម្រាប់ការសិក្សាវិញ គឺបុរសម្នាក់នេះចូលរៀនជាមួយសាលាឯកជនមួយកន្លែងរហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តរៀននៅសកលវិទ្យាល័យ Havard University ដោយបានបញ្ចប់ថ្នាក់សិក្សាផ្នែកសេដ្ឋកិច្ច និងក្រោយមកក៏ទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យ University of California ថែមទៀតផង។
បើទោះជាបញ្ចប់ថ្នាក់សិក្សាពីសាកលវិទ្យាល័យលំដាប់កំពូលលើលោកមែន ប៉ុន្តែបុរសវ័យ ៣០ ឆ្នាំមិនបានដើរតាមគន្លងឪពុកជាធុរកិច្ចជនឡើយ ផ្ទុយទៅវិញលោកបែរជាចាប់យកអាជីពជាតារាសម្ដែងទៅវិញ។ នេះបើតាមការចុះផ្សាយពី Starktimes។

ប្រភពដដែលបានបន្ថែមថា Jerry Ma មិនដែលបើកទម្លាយពីប្រវត្តិស្នេហារបស់គេម្ដងណាឡើយ ហើយមកទល់ពេលនេះក៏មិនទាន់មានរឿងអាស្រូវអ្វីដូចគ្នា ដូច្នេះសារព័ត៌មាន Starktimes សន្មតថា Jerry Ma គឺសំងំផ្ដោតអារម្មណ៍លើការងារ ទុករឿងស្នេហាមួយអន្លើ។
សម្រាប់ទ្រព្យសម្បត្តិរបស់កូនទោល Jack Ma គឺមានប្រហែល ៨ សែនដុល្លារ បើតាម Starktimes ចុះផ្សាយ យ៉ាងណាទិន្នន័យជាក់លាក់គឺមិនធ្លាប់ត្រូវបានទម្លាយឲ្យដឹងសោះឡើយ៕