ការនាំចេញរបស់ចិន ទៅរុស្ស៊ី ស្ទុះកើនឡើងលើកដំបូង ក្រោយធ្លាក់ចុះអស់ពេលជាច្រើនខែ

អន្តរជាតិ

យោងតាមទិន្នន័យដែលទទួលបានពីមន្ត្រីគយរបស់ប្រទេសចិន បានបង្ហាញថា ការនាំចូលរបស់ចិន ពីប្រទេសរុស្ស៊ី បានកើនឡើង នៅក្នុងខែកក្កដា ស្របពេលការនាំចេញទៅកាន់ប្រទេស ដែលកំពុងទទួរងទណ្ឌកម្មជុំទិសមួយនេះ ក៏មានកំណើនល្អប្រសើរផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចូលរបស់ចិន ពីប្រទេសរុស្ស៊ី ទទួលបានការកើនឡើង ៤៩% នៅក្នុងខែកក្កដានេះ ប៉ុន្តែមានការកើនឡើងយឺតជាង ៥៦% កាលពីខែមិថុនា និងកើនឡើង ៨០% នៅក្នុងខែឧសភា។ ទន្ទឹមនឹងនេះ ចំពោះការនាំចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីវិញ បានកើនឡើង ២២% បន្ទាប់ពីបានធ្លាក់ចុះ ១៧% នៅក្នុងខែមិថុនា ហើយវាជាកើនឡើងដំបូង រាប់ចាប់តាំងពីខែមីនាមក ។

គួរឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាប្រភពផ្គត់ផ្គង់ប្រេង ឧស្ម័ន ធ្យូងថ្ម និងទំនិញកសិកម្មដ៏សំខាន់ សម្រាប់ប្រទេសចិន។ ហើយនៅចំពេលមានសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងបន្ត រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ចិន នៅក្នុងខែឧសភា និងមិថុនា ។

តែទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ប្រេង ដែលផ្ទុកពីកំពង់ផែរុស្ស៊ី ទៅកាន់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម ២១,៣ លានបារ៉ែល ក្នុងខែកក្កដា ដែលជាកម្រិងទាបបំផុត ចាប់តាំងពីខែកុម្ភ:មក ។

បញ្ជាក់ផងដែរថា ប្រទេសចិន ទទួលបានឱកាសផ្គត់ផ្គង់ពីរុស្ស៊ី នៅក្នុងតម្លៃទាប នៅចំពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធមិនធ្វើការថ្កោលទោសចំពោះទង្វើរបស់រុស្ស៊ី ហើយថែមទាំងបានរិះគន់ទៅកាន់ប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូថែមទៀតផង ៕