យោងតាមគណ:រដ្ឋមន្រ្តីជាន់ខ្ពស់មួយរូប បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ដើម្បីទិញផលិតផលសម្រាប់ប្រើប្រាស់លើអាគុយរថយន្តអគ្គិសនី ពីក្រុមហ៊ុនកែច្នៃនីកែល ក្នុងប្រទេសឥណ្ឌូនេស៊ី ។
ដំណឹងនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Pandjaitan កាលពីថ្ងៃចន្ទ បន្ទាប់ពីមានកិច្ចប្រជុំរវាងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីដើមឆ្នាំនេះ ។
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត នៅអាស៊ីអាគ្នេយ៍មួយនេះ បាននឹងកំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុន Tesla បង្កើតរោងចក្រ ក្នុងប្រទេសខ្លួន ដោយសារតែឥណ្ឌូនេស៊ី ជាប្រទេសមានធនធានរ៉ែនីកែលសំខាន់ៗ ។
លោក Luhut បាននិយាយថា ថ្មីៗនេះក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចសន្យារយ:ពេល ៥ ឆ្នាំជាមួយក្រុមហ៊ុនកែច្នៃនីកែល នៅតំបន់ Morowali កោះ Sulawesi។ ហើយផលិតផលនីកែលទាំងនោះ នឹងត្រូវប្រើប្រាស់នៅក្នុងការផលិតអាគុយលីចូម របស់ក្រុមហ៊ុន Tesla ។
គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី មានបំណងចង់អភិវឌ្ឍលើយានយន្តអគ្គិសនី និងឧស្សាហកម្មអាគុយនៅក្នុងប្រទេសរបស់ខ្លួន ក្នុងគោលដៅបញ្ឈប់ការនាំចេញនីកែល ដើម្បីធានាការផ្គត់ផ្គង់សម្រាប់អ្នកវិនិយោគនៅក្នុងស្រុក ។ ហើយចំពោះផែនការដែលបានដាក់ចេញនេះ បានទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនដែកថែបចិន និងក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង ដូចជា LG និង Hyundai ផងដែរ ៕