Apple ទទូចឱ្យអ្នកផ្គត់ផ្គង់តៃវ៉ាន់ អនុវត្តតាមច្បាប់នាំចេញដ៏តឹងរ៉ឹងរបស់ចិន

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួន នៅតៃវ៉ាន់ ត្រូវប្រើប្រាស់ស្លាកសញ្ញាផលិតផលរបស់ពួកគេ ថាត្រូវបានផលិតនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីចៀសវាងការរំខានពីការត្រួតពិនិត្យតឹងរ៉ឹង ពីសំណាក់គយរបស់ចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Nikkei ថ្មីៗនេះ បានបង្ហាញថាក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុននៅកោះតៃវ៉ាន់ថា រាល់គ្រឿងបន្លាស់ ត្រូវដាក់ស្លាកថាផលិតនៅ “ចិនតៃប៉ិ” ឬ “តៃវ៉ាន់ ចិន” បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសចិន បានព្យាយាមធ្វើការពង្រឹងច្បាប់ ដែលមានតាំងពីយូរមកហើយ ដើម្បីបង្ហាញថា កោះតៃវ៉ាន់ ជាផ្នែកមួយនៃសារធារណរដ្ឋប្រជាមានិតចិន ។

ប្រភពខាងលើ បាននិយាយទៀតថា ការប្រើប្រាស់ឃ្លា ” ផលិនៅតៃវ៉ាន់” កន្លងមក អាចនាំឱ្យមានការពន្យាពេល ឬការផាកពិន័យជាទឹកប្រាក់រហូតដល់ ៥៩២ ដុល្លារ ហើយបើសិនមានករណីបំពានច្បាប់អាក្រក់ជាងនេះ រាល់ការដឹកជញ្ជូនអាចនឹងត្រូវបានរាំងខ្ទប់ ដោយគយចិនផងដែរ ។

ការអនុវត្តច្បាប់ថ្មីនេះ ត្រូវបានកើតឡើងភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានមកដល់ទឹកដីកោះតៃវ៉ាន់ ដែលធ្វើឱ្យមានភាពតានតឹងរវាងអាមេរិក និងចិន ហើយថែមទាំងបង្កឱ្យមានការព្រួយបារម្ភថារដ្ឋាភិបាលទីក្រុងប៉េកាំង អាចបង្កើនរបាំងពាណិជ្ជកម្មទៀតផង ។

មិនតែប៉ុណ្ណោះ កាសែត The Guardian បានរាយការណ៍ថា Apple ឥឡូវនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ក្នុងការផលិតទូរស័ព្ទ iPhone 14 ដូច្នេះហើយទើបក្រុមហ៊ុនអាមេរិកមួយនេះ បានជំរុញអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីចៀសវាងការរំខាន ធ្វើឱ្យទំនិញ និងផលិតផលថ្មីផ្សេងទៀត ដែលគ្រោងនឹងដាក់បង្ហាញនាពេលខាងមុខ ត្រូវប្រឈមនឹងការហាមឃាត់ ឬត្រួតពិនិត្យដោយគយចិន ៕