ឧបមាថា ថ្ងៃមួយអ្នកទទួលបានបណ្ដាំមរតកទឹកប្រាក់រាប់ពាន់លានដុល្លារ តើអ្នកនឹងសប្បាយចិត្តក្នុងការទទួលវាដែរទេ? ជឿថាប្រិយមិត្តមួយចំនួនច្បាស់ជា សប្បាយចិត្តជាមិនខាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែគិតដូច្នេះឡើយ។
តួយ៉ាង Marlene Engelhorn បានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានបដិសេធបណ្ដាំមរតកពីលោកយាយរបស់នាងក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣ ពាន់លានអឺរ៉ូ ហើយមូលហេតុដែលនាងសម្រេចចិត្តបែបនេះ គឺនាងមិនសប្បាយចិត្តក្នុងការទទួលបាននូវអ្វី ដែលមិនមែនជាសមិទ្ធផលនៃកម្លាំងញើសឈាមរបស់នាង។
ដោយឡែក លោកយាយរបស់នាងគឺ លោកស្រី Traudl Engelhorn-Vechiatto កូនចៅត្រកូល Engelhorn ដែលជាស្ថាបនិកក្រុមហ៊ុនគីមី BASF ដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយ។ ក្នុងបណ្ដាំមរតករបស់លោកស្រីគឺ ចៅស្រី Marlene នឹងទទួលបានទ្រព្យសម្បត្តិ ៩០% នៃទ្រព្យសរុប ៤,២ ពាន់លានអឺរ៉ូ នៅពេលដែលលោកយាយចែកឋានទៅ។
នេះក៏មានន័យថា Marlene នឹងទទួលបានយ៉ាងហោចណាស់ ៣,៤ ពាន់លានអឺរ៉ូ បើសិនជានាងយល់ព្រមទទួលបណ្ដាំមរតកខាងលើ ប៉ុន្តែនាងបែរជាប្រកាសជាសាធារណៈថា មិនចង់បានលុយទាំងនោះ ដោយសារវាមិនមែនជាការខិតខំរបស់នាង៕