ជម្លោះក្ដីក្ដាំរវាងក្រុមហ៊ុនបណ្ដាញសង្គម Twitter ជាមួយនឹងមហាសេដ្ឋីមានបំផុតលើលោក Elon Musk នៅមិនទាន់ដាច់ស្រឡះនៅឡើយ ពោលបញ្ហាកាន់តែជំពាក់ជំពិនក្រោយមេធំ Tesla បដិសេធមិនព្រមទិញក្រុមហ៊ុនចាបខៀវក្នុងទំហំទឹកប្រាក់ដែលបានសន្យា ៤៤ ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ Twitter ក៏បានធ្វើការប្ដឹងទៅកាន់មហាសេដ្ឋីខាងលើឲ្យចេញមុខដោះស្រាយបញ្ហាមួយនេះ ព្រោះបើសិនជាលោកមិនទិញក្រុមហ៊ុន Twitter ក៏លោកនៅតែត្រូវធ្វើការបង់ប្រាក់ពិន័យផ្សេងៗសម្រាប់កិច្ចសន្យាដែលបានធ្វើដូចគ្នា។
ដោយឡែក យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា Elon Musk បានលក់ភាគហ៊ុននៃក្រុមហ៊ុន Tesla ប្រមាណ ៦,៩ ពាន់លានដុល្លារ សម្រាប់ទប់តទល់ក្ដីជាមួយក្រុមហ៊ុន Twitter លើផ្លូវច្បាប់។

សូមជម្រាបដែរថា យោងតាមទិន្នន័យការលក់ភាគហ៊ុនចុងក្រោយបំផុតបានឲ្យដឹងថា មហាសេដ្ឋីអាមេរិកលក់ភាគហ៊ុន ៧,៩២ លានហ៊ុន ចន្លោះពីថ្ងៃទី ០៥ ដល់ ០៩ សីហា ហើយបច្ចុប្បន្នលោកនៅសល់ហ៊ុន Tesla សរុបប្រមាណ ១៥៥,០៤ ហ៊ុន៕