កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើប្រាក់ឧបត្ថម្ភប្រមាណ ៥២,៧ ពាន់លានដុល្លារ សម្រាប់ការជួយដល់ក្រុមហ៊ុនផលិតបន្ទះឈីបនៅអាមេរិកក្នុងការផលិត និងស្រាវជ្រាវ ជាមួយគោលបំណងប្រកួតប្រជែងជាមួយចិនលើទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយពី Aljazeera។
កន្លងមក រដ្ឋបាលបៃឌិន ធ្លាប់បានសង្កត់ធ្ងន់ដែរថា ច្បាប់ CHIPS and Science Act គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិ ក្នុងការប្រកួតប្រជែងជាមួយចិន និងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកលើតៃវ៉ាន់ និងកូរ៉េខាងត្បូងសម្រាប់វិស័យបច្ចេកវិទ្យា។
យ៉ាងណា កញ្ចប់លុយបានទម្លាក់ហើយមែនក្ដី ប៉ុន្តែលក្ខខណ្ឌក្នុងការទទួលបានប្រាក់ឧបត្ថម្ភនេះនៅមិនទាន់បញ្ចេញជាផ្លូវការសម្រាប់ក្រុមហ៊ុនរកស៊ីលើវិស័យផលិតឈីប ដើម្បីអាចស្នើសុំកញ្ចប់ជំនួយបាននៅឡើយ។
សូមជម្រាបដែរថា រយៈកាលប៉ុន្មានចុងក្រោយនេះ ក្រុមហ៊ុនផលិតឈីបនៅអាមេរិកបានជះលុយរាប់ពាន់លានដុល្លារសម្រាប់ការបណ្ដាក់ទុន តួយ៉ាងដូចជា Qualcomm គម្រោងចាយលុយ ៧,៤ ពាន់លានដុល្លារ ដើម្បីទិញឈីបពីពេលនេះ ដល់ឆ្នាំ ២០២៨ ជាដើម៕