អ្នកធុរកិច្ចថៃជាច្រើន កំណត់យកប្រទេសកម្ពុជា ជាទិសដៅដើម្បីធ្វើការវិនិយោគ

អន្តរជាតិ

អ្នកធុរកិច្ចរបស់ថៃជាច្រើន បានកំណត់ទិសដៅរបស់ពួកគេ លើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ទៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យម្ហូបអាហារកែច្នៃ កសិកម្ម ទេសចរណ៍ ថាមពលកកើតឡើងវិញ ប្លាស្ទិក ត្បូងនិងគ្រឿងអលង្ការជាដើម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្ម និងជាក្រុមប្រឹក្សាពាណិជ្ជកម្មប្រចាំប្រទេសថៃ បានឱ្យដឹងថា ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចជាមធ្យមពី ៧% ទៅ ៨% ក្នុងមួយឆ្នាំ ដោយសារតែមានការបើកចំហរការវិនិយោគដោយផ្ទាល់ពីបរទេស ។

ប្រទេសកម្ពុជា បាននឹងកំពុងព្យាយាមធ្វើការអភិវឌ្ឍ ទៅលើវិស័យទេសចរណ៍ និងកសិកម្ម ប៉ុន្តែនៅតែមានភាពខ្វះខាតចំពោះចំណេះដឹង និងបច្ចេកវិទ្យាទំនើប ជាពិសេសលើផ្នែកស្តុកទុក និងកែច្នៃ ដើម្បីធ្វើឱ្យតម្លៃមានការកើនឡើង ។

“ នេះជាការផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកធុរកិច្ចថៃ ក្នុងការបង្កើតការវិនិយោគរួមគ្នា ជាមួយភាគីកម្ពុជា នៅក្នុងវិស័យជាច្រើន ដូចជា អាហារកែច្នៃ កសិកម្ម ទេសចរណ៍ ថាមពលកកើតឡើងវិញ ប្លាស្ទិក សេវាកម្ម រួមទាំងត្បូង និងគ្រឿងអលង្ការ “​ នេះបើយោងតាមការលើកឡើងរបស់ លោក Sanan ដែលបានដឹកនាំក្រុមអ្នកធុរកិច្ចថៃជាង ៦០ នាក់ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ៤ ដល់ទី ៥ ខែសីហា ។

លោក Sanan បានបង្ហាញឱ្យដឹងទៀតថា ធុរកិច្ចថៃក៏បានជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា របស់កម្ពុជា ឯកឧត្តម ចម ប្រសិទ្ធ ផងដែរ ហើយភាគីថៃ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយឧបសគ្គ ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ក្នុងលក្ខខណ្ឌច្បាប់ និងបទប្បញ្ញតិ ដែលមិនមានភាពប្រក្រតី ដើម្បីធ្វើការទាក់ទាញវិនិយោគ ពីបរទេសឱ្យកាន់តែច្រើន ។

ជាងនេះទៅទៀត ក្រុមធុរកិច្ចថៃ ក៏បានស្នើឱ្យរដ្ឋាភិបាលថៃ តភ្ចាប់ឡើងវិញនូវផ្លូវដែក រវាងស្រុកអារញ្ញ ខេត្តស្រះកែវ និងក្រុមប៉ោយប៉ែត របស់កម្ពុជា ដើម្បីសម្រួលដល់ពាណិជ្ជកម្មព្រំដែន និងជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសថៃ និងកម្ពុជាមានទំហំទឹកប្រាក់សរុប ៧,៩៧ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ដែលបានកើនឡើង ១០,២% បើធៀបទៅនឹងឆ្នាំមុន ៕