ក្រុមហ៊ុនផលិតរថយន្ត Tata Motors របស់ឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញរោងចក្រផលិតរថយន្តរបស់ Ford នៅភាគខាងលិចនៃរដ្ឋ Gujarat របស់ឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង ២ គឺមានតម្លៃប្រមាណ ៩១,៥ លានដុល្លារអាមេរិក ហើយវានឹងរាប់បញ្ចូលទាំងដី គ្រឿងម៉ាស៊ីន និងកម្មករសល់កុងត្រាចាស់ពីមុនទាំងអស់ផងដែរ។
ក្រុមហ៊ុនមេរបស់ម៉ាកយីហោល្បី Jaguar Land Rover សម្រេចចិត្តទិញរោងចក្រ Ford ដោយសារតម្រូវការមានការកើនឡើងខ្ពស់ ហើយការបញ្ជាទិញមួយនេះអាចជួយឲ្យ Tata Motors មានលទ្ធភាពផលិតរថយន្តបាន ៤២០ ០០០ គ្រឿង/ឆ្នាំ ច្រើនជាងសមិទ្ធផលមុនទិញរោងចក្រដែលផលិតបាន ៣០០ ០០០ គ្រឿង/ឆ្នាំ។
គួសរំលឹកដែរថា ក្រុមហ៊ុន Ford បានប្រកាសបញ្ឈប់ការផលិតរថយន្តនៅឥណ្ឌាកាលពីឆ្នាំទៅ បន្ទាប់ពីតស៊ូអត់ធ្មត់នៅទីនោះអស់រយៈពេលច្រើនជាង ២ ទសវត្ស ដោយមិនទទួលបានកម្រៃអ្វីជាដុំកំភួន៕