កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani បានចាប់ផ្ដើមជួលកងអង្គរក្សពិសេសប្រចាំប្រទេសឥណ្ឌា Z Category VIP បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តឲ្យកងកម្ម៉ង់ដូនៃកញ្ចប់សេវាកម្មមួយនេះអាចមានសិទ្ធិប្រើប្រាស់អាវុធបាន។ នេះបើតាមការចុះផ្សាយពី BusinessToday។
សម្រាប់កញ្ចប់សេវាកម្ម Z Category VIP នេះផងដែរ នឹងមានកងអង្គរក្សប្រចាំការ ៣៣ នាក់ ខណៈតម្លៃនៃការជួលវិញគឺ ប្រហែល ២ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ហើយការចំណាយនឹងទូទាត់ជាមួយប្រធានក្រុមហ៊ុន Adani Group ផ្ទាល់។
ក្រៅពី Adani មហាសេដ្ឋីរួមសញ្ជាតិ Mukesh Ambani ក៏ជាសមាជិកនឹងសេវាកម្មកងការពារ Z Category VIP ផងដែរ ហើយថែមទាំងបានជួលសេវាកម្មមួយនេះមុន Adani យូរណាស់មកហើយ។
សូមជម្រាបដែរថា កងការពារពិសេសនៅប្រទេសឥណ្ឌាបែងចែកជា ៦ កម្រិតមានដូចជា៖
- SPG កងកម្លាំងពិសេសសម្រាប់តែការពារនាយករដ្ឋមន្ត្រី
- Z+ មានកងកម្លាំងសរុប ១៥០ នាក់
- Z មានកងកម្លាំងសរុប ៥៥ នាក់
- Y+ មានកងកម្លាំងសរុប ៣៩ នាក់
- Y មានកងកម្លាំងសរុប ២៨ នាក់
- X មានកងកម្លាំងសរុប ១២ នាក់៕