បច្ចុប្បន្ន ក្រុមហ៊ុន Ford កំពុងដើរទីផ្សារខ្លាំងក្នុងការផ្សព្វផ្សាយរថយន្តអគ្គិសនីថ្មីរបស់ខ្លួនគឺ Ford F-150 Lightning ដែលយកលំនាំរាងរថយន្តដូចស្ទើរទាំងស្រុងជាមួយរថយន្ត Pick-Up F-150 Series ប៉ុន្តែខុសប្លែកត្រង់ F-150 ជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធសាធ។

នៅអំឡុងពេលកំពុងផ្សព្វផ្សាយពីរថយន្តអគ្គិសនីមួយនេះ នាយកប្រតិបត្តិ Jim Farley បានឆ្លៀតឡកឡឺយទៅកាន់គូប្រជែង Tesla អំពីរថយន្ត Cybertruck ដែលមានតែឈ្មោះ មិនទាន់ចេញលក់លើទីផ្សារផងដែរ។ នេះបើតាមការចុះផ្សាយពី The Verge។

សូមជម្រាបដែរថា គម្រោង Tesla Cybertruck គឺត្រូវបានបង្ហើបតាំងពីឆ្នាំ ២០១៩ ហើយសង្វាក់ផលិតកម្មគ្រោងចាប់ផ្ដើមនៅឆ្នាំ ២០២១ ប៉ុន្តែកាលបរិច្ឆេទត្រូវបានផ្លាស់ប្ដូរមួយរំពេច ដោយ Elon Musk ពន្យារពេលរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៣ ទើបចាប់ផ្ដើមផលិត។

ខុសប្លែកពី Ford ដែលស្ងាត់ៗបញ្ចេញ F-150 Lightning លើទីផ្សាររថយន្តអគ្គិសនី ហើយបច្ចុប្បន្នកំពុងត្រូវប៉ាន់ខ្លាំង ក្លាយជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅអាមេរិក តាមពីក្រោយដោយរថយន្ត ២ ម៉ូដែលទៀតគឺ Rivian R1T និង GMC Hummer EV៕