រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដែស លោក AHM Mustafa Kamal បានធ្វើការព្រមានថា ប្រទេសកំពុងអភិវឌ្ឍនានា ត្រូវតែគិតឡើងវិញឱ្យបានពីរដង មុនយល់ព្រមទទួលប្រាក់កម្ចីបន្ថែម តាមរយ:គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន (BRI) ខណ:ចំនួនអតិផរណាសកល និងកំណើនកម្រិតទាប បច្ចុប្បន្ន កំពុងតែបានបន្ថែមភាពតានតឹង ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងជំពាក់បំណុលគេ ។
នៅក្នុងអំឡុងពេលធ្វើបទសម្ភាសជាមួយ Financial Times លោក Kamal ក៏បាននិយាយផងដែរថា ប្រទេសចិន ចាំបាច់ត្រូវតែមានភាពហ្មត់ចត់់បន្ថែមទៀត ក្នុងការវាយតម្លៃអំពីការផ្តល់ប្រាក់កម្ចីរបស់ខ្លួន នៅចំពេលមានការព្រួយបារម្ភថា ការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដែលមានលក្ខខណ្ឌមិនច្បាស់លាស់ នឹងជំរុញឱ្យប្រទេសកូនបំណុលទាំងនោះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។
ត្រង់ចំណុលនេះ លោក Kamal ចង់សង្កត់ធ្ងន់ជាពិសេស ទៅលើស្រីលង្កា នៅពេលដែលប្រទេសដីកោះមួយនេះ ទទួលបានជំនួយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធពីចិនយ៉ាងច្រើន ប៉ុន្តែមិនអាចមានលទ្ធភាពក្នុងការសងបំណុលត្រលប់ទៅវិញ ដែលជាហេតុធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ។
គួរឱ្យដឹងថា កាលពីខែមុន បង់ក្លាដែស បានក្លាយជាប្រទេសចុងក្រោយនៅអាស៊ី ដែលស្វែងរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ការផ្តល់ហិរញ្ញប្បទាន នៅចំពេលតម្លៃទំនិញបានកើនឡើង បន្ទាប់ពីមានសង្គ្រាមននៅអ៊ុយក្រែន ដែលបានធ្វើឱ្យទុនបម្រុងបរទេសរបស់ប្រទេសនេះ ធ្លាក់ចុះយ៉ាងខ្លាំង ។
លើសពីនេះ បង់ក្លាដែស ក៏បានស្ថិតនៅក្នុងគម្រោង BRI របស់ចិនផងដែរ ដោយបានជំពាក់បំណុលប្រហែល ៤ ពាន់លានដុល្លារ ឬស្មើនឹង ៦% នៃបំណុលបរទេសសរុបរបស់ខ្លួន ៕