ក្នុងរយៈពេល ៤ ខែតំបូងនៃឆ្នាំ ២០២២ ប្រទេសចិននៅតែបន្តគ្រងតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់តំបន់ ASEAN ជាមួយនឹងការធ្វើពាណិជ្ជកម្មបរទេសសរុបរបស់ចិនមាន ១៤,៦% ខណៈអឺរ៉ុបឈរលេខ ២ និងអាមេរិកនៅលេខ ៣។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយ Global Times។

កំណើនពាណិជ្ជកម្ម ចិន និងអាស៊ានគិតត្រឹមខែមករា ដល់មេសាមានសរុប ១,៨៤ ទ្រីលានយ័ន ឬប្រមាណ ២៧៤,៥ ពាន់លានដុល្លារ កើនឡើង ៧,២% បើធៀបនឹងឆ្នាំទៅ។

ដោយឡែក សម្រាប់ត្រីមាសទី ១ នៃឆ្នាំ ២០២២ វិញ ស្ថិតិនាំចេញ និងនាំចូលរវាងចិន និងអាស៊ានបានកើនឡើងដល់ ១,៣៥ ទ្រីលានយ័ន កើន ៨,៤% បើធៀបនឹងឆ្នាំទៅ ហើយក្នុងចំណោមការជួញដូររវាងចិន និងបរទេសទាំងអស់ អាស៊ានមានចំណែក ១៤,៤%។

សូមជម្រាបដែរថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ASEAN ទាំងមូល ជាលើកដំបូងនៅឆ្នាំ ២០២០ ប៉ុន្តែបើមើលឲ្យមែនទែនទៅ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយសមាជិក ASEAN មួយចំនួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ៕