វាគឺជាសមិទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ក្រុមហ៊ុនប្រេង Saudi Aramco ដ្បិតគិតត្រឹមពេលនេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំទៅរហូតដល់ ៩០% និងបានក្លាយជាក្រុមហ៊ុននាំចេញប្រេងធំបំផុតលើលោក តាំងពីចុះបញ្ជីពាណិជ្ជកម្ម ៣ ឆ្នាំមុន។

យោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២ នេះក្រុមហ៊ុន Aramcoទទួលបានប្រាក់ចំណេញប្រមាណ ៤៨,៤ ពាន់លានដុល្លារ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កឲ្យតម្លៃប្រេងមានការឡើងថ្លៃកប់ក្ដោង។

ដោយឡែក Bloomberg ក៏បានចុះផ្សាយទៀតថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតគឺ បានក្លាយជាក្រុមហ៊ុនមានប្រាក់ចំណេញប្រចាំត្រីមាសច្រើនបំផុតលើលោក ពោលច្រើនជាងក្រុមហ៊ុននានាដែលបានរាយការណ៍ពីប្រាក់ចំណេញរបស់ពួកគេ។

សូមជម្រាបផងដែរថា Saudi Aramco គឺជាក្រុមហ៊ុនមានមូលធនទីផ្សារធំបំផុតលើលោក បន្ទាប់ពីក្រុមហ៊ុន Apple ខណៈក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតមានតម្លៃ ២,៣៦៥ ទ្រីលានដុល្លារ ស្របពេល Apple មាន ២,៧៦៥ ទ្រីលានដុល្លារ៕