ជឿថាប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ពីគូស្វាមីភរិយាដ៏មានឥទ្ធិពលបំផុតមួយគូលើលោកគឺ David Beckham និង Victoria Beckham ដ្បិតកាលពីប៉ុន្មានខែមុនពួកគេក៏ទើបនឹងក្លាយជាដន្លងជាមួយមហាសេដ្ឋីអាមេរិកមួយរូបផងដែរ។

ប្ដីប្រពន្ធមួយគូនេះគឺមានអាជីវកម្មជាច្រើនរាប់មិនអស់ ប៉ុន្តែជំនួញដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Victoria Beckham ហាក់ជួបបញ្ហាជាញឹកញាប់ ពោលមិនសូវទទួលបានជោគជ័យហើយមានតែខាតបង់ទៀតផង។

តួយ៉ាង ហាងលក់សម្លៀកបំពាក់ទំនើបរបស់លោកស្រីគឺត្រូវបានរាយការណ៍ថា កំពុងមានបំណុលរហូតដល់ ៦៤ លានដុល្លារ ខណៈក្រុមហ៊ុនលក់គ្រឿង Make Up វិញ គឺរកស៊ីខាតលុយជិត ៨ លានដុល្លារកាលពីឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយពី The Mirror។

ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពីនោះក៏មានបំណុលប្រហែល ៣៤ លានដុល្លារទៀតដែលពាក់ព័ន្ធនឹងការថតផ្សព្វផ្សាយផលិតផលផ្សេងៗជាមួយក្រុមហ៊ុនជាច្រើន ហើយបើទោះជាកំពុងជាប់បំណុលរាប់លានដុល្លារក្ដី ក៏ក្រុមហ៊ុន Victoria Beckham Beauty បានបង្ហើបថា ក្រុមហ៊ុននឹងបន្តសម្ពោធផលិតផលផ្សេងៗទៀតនៅឆ្នាំនេះ៕