ក្រុមហ៊ុនចិនខ្នាតយក្សលំដាប់ប្រទេស Alibaba Group Holding Ltd. បានបញ្ឈប់បុគ្គលិកប្រហែល ១០ ០០០ នាក់ក្នុងរយៈពេល ៣ ខែ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗ។
ការសម្រេចចិត្តមួយនេះបានធ្វើឡើង បន្ទាប់ពី Alibaba រាយការណ៍ថា ប្រាក់ចំណូលក្រុមហ៊ុនបានធ្លាក់ចុះជាង ៥០% នៅខែមិថុនា ហើយការបញ្ឈប់បុគ្គលិកគឺជាមធ្យោបាយតែមួយគត់ក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន អំឡុងពេលសេដ្ឋកិច្ចកំពុងដើរយឺត។
ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅខែមិថុនា ត្រូវបានទម្លាយឲ្យដឹងថា មានប្រមាណ ២២,៧៤ ពាន់លានយ័ន ឬប្រមាណ ៣,៤ ពាន់លានដុល្លារ ប៉ុន្តែបើធៀបនឹងឆ្នាំទៅគឺតិចជាងពាក់កណ្ដាលឯណោះ ពោល Alibaba ធ្លាប់រកបានប្រមាណ ៤៥,១៤ ពាន់លានយ័នកាលពីឆ្នាំទៅ។
សូមជម្រាបដែរថា តួលេខជាក់លាក់ពីក្រុមហ៊ុនបានឲ្យឃើញថា បុគ្គលិកប្រមាណ ៩ ២៤១ នាក់ត្រូវបានបញ្ឈប់នៅខែមិថុនា ខណៈបុគ្គលិកពេញម៉ោងទាំងអស់ដែលកំពុងធ្វើការនៅ Alibaba គឺមានប្រមាណ ២៤៥ ៧០០ នាក់៕