ហ្វីលីពីន ពិចារណាទិញឧទ្ធម្ភាគចក្រ ពីសហរដ្ឋអាមេរិកវិញ ក្រោយលុបចោលកិច្ចព្រមព្រៀងជាមួយរុស៊្សី

អន្តរជាតិ

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោន ថ្មីៗនេះ បាននិយាយថា ប្រទេសរបស់ខ្លួន កំពុងពិចារណាលើសំណើ ជុំវិញការទិញយកឧទ្ធម្ភាគចក្រធុនធំ ពីសហរដ្ឋអាមេរិកវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីល បានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ ពីប្រទេសរុស្ស៊ី ដោយសារតែមានការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana កាលពីពេលកន្លងទៅ បាននិយាយប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា បច្ចុប្បន្នរដ្ឋាភិបាល កំពុងធ្វើការលើការលុបចោលកិច្ចព្រមព្រៀង ដែលធ្លាប់ត្រូវបានអនុម័តដោយអតីតប្រធានាធិបតី លោក Rodigo Duterte ក្នុងការទិញយកឧទ្ធម្ភាគចក្រ ប្រភេទ Mi-17 ចំនួន ១៦ គ្រឿងពីរុស្ស៊ី កាលពីឆ្នាំ ២០២១ ។

មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Jose Romualdez បាននិយាយថា ចំពោះមូលហេតុនៃការលុបចោលកិច្ចព្រមព្រៀងនេះ គឺដោយសារតែមានការព្រួយបារម្ភចំពោះការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ខណ:វានឹងរារាំងដល់ការផ្ញើប្រាក់ត្រលប់មកកាន់ស្រុកកំណើតរបស់ប្រជាជានហ្វីលីពីន ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ។

លោក Romualdez បានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានដាក់សម្ពាធលើហ្វីលីពីន ឱ្យលុបចោលកិច្ចព្រមព្រៀង ដែលមានតម្លៃ ១២,៧ ពាន់លានប៉េសូ (២២៧ លានដុល្លារ) ជាមួយរុស្ស៊ី នេះឡើយ ។

ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីរុស្ស៊ី បានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ:មក ប្រទេសណាមួយ ដែលទិញសព្វាវុធពីរុស្ស៊ី នឹងអាចប្រឈមមុខជាមួយនឹងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ៕