មុនបើកពិធីអបអរគម្រប់ខួប ៧៧ ឆ្នាំនៃការប្រកាសឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី Joko Widodo បានឆ្លៀតបង្ហើបពីគម្រោងចំណាយសម្រាប់ឆ្នាំ ២០២៣ ដែលមានទំហំប្រមាណ ៣ ០៤១,៧ ទ្រីលានរូពី ឬប្រមាណ ២០៦ ពាន់លានដុល្លារអាមេរិក។

បើតាមការចុះផ្សាយពី CNA បានទម្លាយឲ្យដឹងថា ទំហំថវិកាដែលឥណ្ឌូណេស៊ីគ្រោងចាយឆ្នាំក្រោយ គឺមានចំនួនតិចបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ពោលគឺតិចជាង ២% នៃការចំណាយសម្រាប់ឆ្នាំ ២០២២ នេះ។

ដោយឡែក ផែនការចំណាយសម្រាប់ឆ្នាំក្រោយនោះទៀតសោត នឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់ក្នុងការងើបឡើងនៃសេដ្ឋកិច្ចជាតិ ដោយបានដាក់គោលដៅចំពោះការកើនឡើងសេដ្ឋកិច្ចដល់ ៥,៣% នៅឆ្នាំក្រោយ ក៏ដូចជាបានសន្យាថា នឹងគ្រប់គ្រងវិបត្តិអតិផរណាឲ្យសល់ត្រឹម ៣,៣%។

សូមជម្រាបដែរថា ឥណ្ឌូណេស៊ីបានជួបវិបត្តិអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ ពោលវាបានកើនឡើងដល់ជិត ៥% នៅខែកក្កដា ប៉ុន្តែទន្ទឹមនឹងនោះថ្នាក់ដឹកនាំប្រចាំប្រទេសបានអះអាងថា កំណើនសេដ្ឋកិច្ចឆ្នាំនេះនឹងឡើងដល់ ៥,២% នៅត្រីមាសទី ២៕