ប្រទេសស្រីលង្កា នឹងមិនបន្តដាក់ប្រទេសក្នុងគ្រាអាសន្នតទៀតឡើយ បន្ទាប់ពីស្ថានការណ៍ក្នុងប្រទេសហាក់មានស្ថិរភាពឡើងវិញ ស្របពេលក្រុមបាតុករក៏លែងសូវបង្កភាពវឹកវរដូចគ្នា។ នេះបើតាមការឲ្យដឹងពីការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ។

លោក Ranil Wickremesinghe បានអនុវត្តច្បាប់យ៉ាងតឹងតែងរយៈពេល ៤ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាណត្តិមុន បានភៀសខ្លួនទៅបរទេស និងលាលែងតំណែងនៅថ្ងៃទី ១៤ កក្កដា ក្រោយក្រុមបាតុករតវ៉ាខ្លាំងក្លា ពីបញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំសង្កូវ។

យ៉ាងណា ក្រោយជាប់ឆ្នោតជាប្រធានាធិបតីថ្មី លោក Ranil បានព្យាយាមយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស ហើយជាលទ្ធផលវាពិតជាបានសម្រេចដូចការព្រៀងទុក ដោយស្ថានការណ៍អាចស្ថិតក្នុងសភាពគ្រប់គ្រងឡើងវិញ។ នេះបើតាមការចុះផ្សាយពី CNA។

“ស្ថានការណ៍ក្នុងប្រទេសពេលនេះគឺកំពុងមានស្ថិរភាពឡើងវិញ ដូច្នេះវាមិនចាំបាច់បន្តការដាក់ប្រទេសក្នុងគ្រាអាសន្នទៀតឡើយ នៅសប្ដាហ៍នេះ”។ នេះបើយោងតាមសម្រង់សម្ដីរបស់ប្រធានាធិបតីថ្មីស្រីលង្កា។

សូមរំលឹកដែរថា កាលពីចុងឆ្នាំមុន ប្រជាជនប្រមាណ ២២ លាននាក់នៅប្រទេសស្រីលង្កា ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីទុនបម្រុងជាតិបានប្រើប្រាស់អស់ ស្របពេលបំណុលបរទេសមានវ័ណ្ឌក រហូតបង្កឲ្យមានជាបាតុកម្មទាមទារឲ្យថ្នាក់ដឹកនាំលាលែងពីតំណែងថែមទៀត៕