មួយរយៈកាលចុងក្រោយនេះ លោកស្រី MacKenzie Scott អតីតភរិយា Jeff Bezos ស្ថាបនិក Amazon តែងតែធ្វើការបរិច្ចាគទឹកប្រាក់ជាច្រើនលានដុល្លារជាញឹកញយ ទៅកាន់អង្គការក្រៅរដ្ឋាភិបាលច្រើនកន្លែង។

តួយ៉ាង កាលពីថ្មីៗនេះ Junior Achievement USA បានទទួលអំណោយសប្បុរសធម៌ពីលោកស្រីក្នុងទំហំទឹកប្រាក់ប្រមាណ ៣៨,៨ លានដុល្លារអាមេរិក ដែលទំហំមួយនេះគឺជាចំនួនច្រើនបំផុតតាំងពីអង្គការមួយនេះបង្កើតឡើងរយៈពេល ១០៣ ឆ្នាំ។

យោងតាមការចុះផ្សាយពី The Associated Press បានឲ្យដឹងថា Junior Achievement USA នឹងទទួលបានទឹកប្រាក់ ១០ លានដុល្លារ ខណៈទឹកប្រាក់សេសសល់នឹងយកទៅបែងចែកប្រើប្រាស់ជាមួយនឹងប្រតិបត្តិការ ២៦ ផ្សេងទៀតរបស់ស្ថាប័នមួយនេះ។

សូមរំលឹកដែរថា Junior Achievement USA គឺជាអង្គការក្រៅរដ្ឋាភិបាលដែលតែងតែជួយដល់សិស្សានុសិស្សទូទាំងពិភពលោកដែលមានជីវភាពខ្វះខាត ហើយបច្ចុប្បន្នពួកគេកំពុងជួយដល់សិស្សច្រើនជាង ១២,៥ លាននាក់ មកពីប្រទេស ១១៥ ទូទាំងសកលលោក៕