បញ្ហារាតត្បាតជំងឺកូវីដ ១៩ កន្លងមកនេះ បានបង្ហាញឲ្យឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យសេដ្ឋកិច្ចទូទាំងពិភពលោក ខណៈមានមនុស្សរាប់លាននាក់បានបាត់បង់ជីវិត ដោយសារការជួយសង្គ្រោះមិនទាន់ពេលវេលា។

ដោយយល់ឃើញថា បញ្ហានេះជាបញ្ហាចំបង មហាសេដ្ឋី Bill Gates ស្ថាបនិក Microsoft បានស្កាត់ទៅជួបរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីពិភាក្សាគ្នាក្នុងការរិះរកវិធានការទប់ស្កាត់ការរាតត្បាតជំងឺផ្សេងៗនៅថ្ងៃអនាគត។ នេះបើតាមការចុះផ្សាយពី Donegallive។

ក្នុងការជួបសំណេះសំណាលជាមួយគ្នានោះ Bill Gates បានស្នើឲ្យកូរ៉េខាងត្បូង រឹតបន្តឹងទំនាក់ទំនងជាមួយអន្តរជាតិ ក្នុងការស្រាវជ្រាវរកវ៉ាកសាំងទប់ស្កាត់មេរោគកាចសាហាវដូចជា វីរុសកូរ៉ូណាជាដើម ដែលលោកបានចាត់ទុកជា វិបត្តិសុខភាពពិភពលោកដ៏ធំ។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីលំដាប់ពិភពលោកថែមទាំងអះអាងទៀតថា ស្ថាប័ន Bill and Melinda Gates Foundation និងរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាប់ដៃគ្នាក្នុងការគាំទ្រដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ ក្នុងការកំចាត់មេរោគសាហាវៗជុំវិញពិភពលោក៕