អតីតនាយករដ្ឋមន្ត្រីថៃ កំពុងសំងំនៅប្រទេសអ្នកមាន រង់ចាំឱកាសល្អវិលចូលស្រុកវិញ

អន្តរជាតិ

កាលពី ខែមុន អតីតយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបោះពាក្យបែបឌឺដង ទៅកាន់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ថានឹងវិលត្រលប់មកកាន់ប្រទេសថៃវិញ ទាំងដែលពេលបច្ចុប្បន្ននេះ លោកកំពុងនិរទេសខ្លួន នៅក្រៅខាងប្រទេស នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ រដ្ឋាភិបាលប្រទេសថៃ បានចាត់ទុកលោក ថាក់ស៊ីន ជាអ្នកទោស តាំងពីឆ្នាំ ២០០៦ មកម្លេះ​ ខណ:ជាឆ្នាំដែលក្រុមហ៊ុនទាហានថៃ បានធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែង ជានាយករដ្ឋមន្ត្រី ហើយលោកបានរត់ភៀសខ្លួនចេញពីប្រទេសភ្លាម មុនពេលត្រូវបានកាត់ទោស ដោយតុលាការកំពូលពីបទបំពានអំណាច ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ។

តាមដែលគេដឹង លោក ថាក់ស៊ីន បច្ចុប្បន្នបានតាំងលំនៅដ្ឋាន នៅឯទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម  ប៉ុន្តែមុនទៅដល់ឌូបៃ លោក ថាក់ស៊ីន បានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន ដែលក្នុងនោះ មានប្រទេសកម្ពុជា អង់គ្លេស បារាំង និង ម៉ុងតេនេហ្គ្រោផងដែរ ។

មុនឈានដល់ចំណុចនេះ លោកថាក់ស៊ីន បានចាប់ផ្តើមអាជីពដំបូងជាមន្ត្រីប៉ូលិសមួយរូប នៅក្នុងឆ្នាំ ១៩៧៣ ហើយរហូតដល់ឆ្នាំ ១៩៨៧ លោកបានលាលែងចេញពីអង្គភាពប៉ូលិសជាតិវិញ ដោយងាកទៅចាប់យកមុខជំនួញ បើកក្រុមហ៊ុនកុំព្យូទ័រ និងទូរស័ព្ទ ឈ្មោះថា Shinawatra Computer and Commuication Company Limited និងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។

លុះដល់ឆ្នាំ ១៩៩៤ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយព្រះមហាក្សត្ស និងដល់ឆ្នាំ ១៩៩៥ ថាក់ស៊ីន ត្រូវ​បាន​តែងតាំង​ជា​ឧប​នាយក​រដ្ឋមន្រ្តី​​។ ហើយនៅ​ឆ្នាំ​១៩៩៨ លោក ថាក់ស៊ីន បាន​បង្កើត​បក្ស​នយោបាយ​មួយ​ ឈ្មោះ​ថា “ថៃ​រ៉័ក​ថៃ” ។

សម្រាប់ការបង្កើតគណបក្សនោះ លោកថាក់ស៊ីន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ រហូតលោកត្រូវបានចាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយកាន់អំណាចពេញមួយអាណត្តិ ចាប់តាំងឆ្នាំពី ២០០១ ដល់ ឆ្នាំ ២០០៥ និងត្រូវបានបន្តបោះឆ្នោតឱ្យកាន់អំណាច នៅអាណត្តិបន្ទាប់ទៀត ។  

តែយ៉ាងណា បន្ទាប់ពីកាន់អំណាច ក្នុងអាណត្តិថ្មី បានរយ:ពេលជាង ១ ឆ្នាំ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែង តាមរយ:ការធ្វើរដ្ឋប្រហារយោធា នៅខែកញ្ញា ឆ្នាំ ២០០៦ ក្នុងពេលដែលលោក កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។

ក្រោយធា្លក់ចេញពីអំណាច លោក ថាក់ស៊ីន ត្រូវបានតុលាថៃចោលប្រកាន់ទៅលើកំហុសជាច្រើន ទាក់ទងអំពីពុករលួយ ផ្តាច់ការ ទង្វើក្បត់ជាតិ ក៏ដូចជាការធ្វើសកម្មភាពក្រៅការទូត និងការបំបិទសិទ្ធិសេរីភាពសារព័ត៌មានថែមទៀតផង ។

រហូតដល់ខែតុលា ឆ្នាំ ២០០៨ លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលរកឃើញទៀតថា បានបំពានទៅលើច្បាប់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ហើយត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធធនាគាររយ:ពេលពីរឆ្នាំ ។ ចាប់តាំងពីពេលនោះមក លោកបានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេស និងបានសុំសិទ្ធជ្រកកោននៅប្រទេសអង់គ្លេស និងបន្តមករស់នៅទីក្រុងឌូបៃ មកទល់ពេលសព្វថ្ងៃនេះ ។

ទន្ទឹមនឹងនេះ បើតាមដំណឹងចុងក្រោយមួយ បានបង្ហាញថា លោក ថាក់ស៊ីន អាចនឹងមានឱកាសវិលត្រលប់មកកាន់ប្រទេសកំណើតវិញ បន្ទាប់ពីលឺចចាមអារ៉ាមថា កូនស្រីពៅរបស់លោក គឺអ្នកស្រី ប៉ែថុងតាន ស៊ីណាវ៉ាត្រា កំពុងត្រៀមខ្លួន សម្រាប់ការចូលប្រឡូកនៅក្នុងឆាកនយោបាយ របស់ប្រទេសថៃ ដោយនឹងធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងធ្វើឡើង នៅក្នុងឆ្នាំ ២០២៣ ខាងមុខ ៕