ក្រុមហ៊ុន Tencent Holdings បានរាយការណ៍កាលពីថ្ងៃទី ១៧ សីហាកន្លងទៅថា ពួកគេបានជួបប្រទះការខាតបង់ប្រចាំត្រីមាសមិនធ្លាប់មានតាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។ នេះបើតាមការចុះផ្សាយពី CNA។
ជាការពិត តាំងពីក្រុមហ៊ុនលេចវត្តមានជាសាធារណៈពីឆ្នាំ ២០០៤ ដល់ ២០២០ ប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេ គឺតែងតែមានការកើនឡើងមិនថាតិច ឬច្រើនឡើយ ប៉ុន្តែសម្រាប់របាយការណ៍ប្រាក់ចំណូលត្រីមាសទី ២ នៃឆ្នាំ ២០២២ នេះវិញ គឺមានការធ្លាក់ចុះ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា របាយការណ៍ប្រចាំត្រីមាសទី ២ នៃឆ្នាំ ២០២២ នេះ គឺបានធ្លាក់ចុះ ៣% បើធៀបនឹងឆ្នាំទៅ ពោលចំណូលដែលធ្លាប់រកបានប្រមាណ ១៣៨,២៥៩ ពាន់លានយ័ន បែរជាមកសល់ត្រឹម ១៣៤ ពាន់លានយ័ន ឬប្រមាណ ១៩,៧៨ ពាន់លានដុល្លារ។
បន្ថែមពីនោះ ក្រុមហ៊ុនធំបំផុតនៅចិនមួយនេះបានប្រកាសថា មានគម្រោងលក់ភាគហ៊ុននៅក្រុមហ៊ុន Meituan ទាំងអស់ បើសិនជាស្ថានភាពទីផ្សារហ៊ុននៅមានស្ថិរភាព ហើយបើសិនជា Tencent លក់ភាគហ៊ុននៅ Meituan ចេញទាំងអស់ ពួកគេនឹងទទួលបានទឹកប្រាក់ប្រមាណ ២៤ ពាន់លានដុល្លារ ពីការបណ្ដាក់ទុនរយៈពេល ៨ ឆ្នាំ៕