ក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាម ជាលើកដំបូង នៅចំពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ កំពុងព្យាយាមធ្វើចម្រុះកម្ម ទៅលើផលិតកម្មរបស់ខ្លួន ដោយចង់ចេញឆ្ងាយពីប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia ។
ប្រភពដដែលនេះ បានបង្ហាញទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple គឺ Luxshare Precision Industry និង Foxconn បានចាប់ផ្តើមសាកល្បង ក្នុងការផលិត Apple Watch នៅភាគខាងជើងប្រទេសវៀតណាម នៅពេលដែលឧបករណ៍មួយនេះ ត្រូវបានផលិតនៅក្រៅប្រទេសចិន ជាលើកដំបូង ។
ជាងនេះទៅទៀត ទាក់ទងទៅនឹងការផលិតកុំព្យូទ័រយួរដៃ MacBook វិញ ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួន បង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បង នៅក្នុងប្រទេសវៀតណាមផងដែរ ។
គួរឱ្យដឹងថា ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតមួយរបស់ Apple ក្រៅពីប្រទេសចិន ដោយផលិតផលល្បីៗជាច្រើនរបស់ខ្លួន រួមទាំងថេប្លេត iPad និងកាស AirPods ក៏ត្រូវបានផលិតនៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ ។
លើសពីនេះ ក្រុមរបស់អាមេរិកមួយនេះ ក៏កំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួនផងដែរ ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បង សម្រាប់ឧបករណ៍បំពងសម្លេងឆ្លាតវៃ HomePod របស់ខ្លួន នៅក្នុងប្រទេសវៀតណាម ៕