ប្រធានាធិបតីឥណ្ឌូនេស៊ី កំពុងបញ្ចុះបញ្ចូលមេធំ Telsa ឱ្យមកផលិតរថយន្តអគ្គិសនី ក្នុងប្រទេសខ្លួន

អន្តរជាតិ

ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ឬស្គាល់ថា Jokowi បាននិងកំពុងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla ឱ្យមកផលិតរថយន្ត ក៏ដូចជាអាគុយ នៅក្នុងប្រទេសរបស់ខ្លួន ។ នេះបើយោងតាមសម្តីរបស់លោក អំឡុងពេលធ្វើបទសម្ភាសជាមួយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg កាលពីពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានទាក់ទាញក្រុមហ៊ុន Tesla ម្តងរួចមកហើយ សម្រាប់ការវិនិយោគ នៅក្នុងឧស្សាហកម្មរ៉ែនីកែលរបស់ខ្លួន ដោយសម្លឹងឃើញពីលទ្ធភាពក្នុងការផលិត និងផ្គត់ផ្គង់អាគុយ សម្រាប់រថយន្តអគ្គិសនី ។

លោក Jokowi បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី ចង់បាន “ប្រព័ន្ធអេកូឡូស៊ីដ៏មួយ សម្រាប់ផលិតរថយន្តអគ្គិសនី ” ជាជាងគ្រាន់តែទាញយកធនធានធម្មជាតិរបស់ខ្លួន សម្រាប់ធ្វើអាគុយរបស់រថយន្តតែម្យ៉ាង ។

ប្រធានាធិបតីរូបនេះ ក៏បាននិយាយទៀតផងដែរថា ប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាលើការដាក់ពន្ធ ក្នុងការនាំចេញរ៉ែនីកែលរបស់ខ្លួននៅឆ្នាំនេះ ដើម្បីបង្កើនប្រាក់ចំណូលចូលរដ្ឋ ស្របពេលក្រុមមន្ត្រី បាននិយាយថាការអនុម័តនៃច្បាប់យកពន្ធនេះ អាចនឹងមកដល់នៅអំឡុងត្រីមាសទីបី ។

រំលឹកផងដែរថា លោក Jokowi បានជួបជាមួយស្ថាបនិករបស់ក្រុមហ៊ុន Tesla លោក Elon Musk កាលពីដើមខែឧសភា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្រួបបង្រួមទស្សនវិស័យលើការវិនិយោគ ហើយថែមទាំងបានអញ្ជើញមហាសេដ្ឋីរូបនេះ មកទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្នុងខែវិច្ឆិកាខាងមុខផងដែរ ជុំវិញការផលិតរថយន្តអគ្គិសនី បន្ថែមពីលើការផលិតអាគុយ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងរបស់ក្រុមហ៊ុន Tesla មិនទាន់បានធ្វើការឆ្លើយតបវិញនៅឡើយនោះទេ ចំពោះការសុំឱ្យធ្វើការអត្ថាធិប្បាយ ជុំវិញការជ្រើសយកប្រទេសឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌល ផលិតរថយន្តអគ្គិសនីរបស់ខ្លួននោះ ៕