នៅឆ្នាំ ២០២២ នេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានបង្ហើបឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺកំពុងបញ្ចេញសញ្ញាវិជ្ជមានខ្លាំង ហើយភាគីទាំងសងខាងសុទ្ធតែមានក្ដីរំពឹងថា វាអាចនឹងឈានដល់ចំណុចកំពូលថ្មីមួយសម្រាប់ប្រវត្តិសាស្ត្រនៃការជួញដូររវាងប្រទេសទាំង ២។

ជាការពិត បើសង្កេតមើលឲ្យមែនទែនទៅ រយៈកាល ៣ ឆ្នាំចុងក្រោយ ទំហំសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងវៀតណាមគឺបានកើតឡើងពីមួយកម្រិតទៅមួយកម្រិត ពោលកាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺមានប្រមាណជាង ៥ ពាន់លានដុល្លារ ប៉ុន្តែនៅឆ្នាំបន្ទាប់ស្រាប់តែមានសន្ទុះខ្លាំងស្មានមិនដល់។
នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសនៅអាស៊ាន ២ នេះស្រាប់តែកើនឡើងរហូតដល់ ៧៥% ពោល ៩,៣ ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២១ ច្រើនជាងឆ្នាំ ២០២០ ប្រមាណជាង ៤ ពាន់លានដុល្លារ។

ដោយឡែកសម្រាប់ឆ្នាំ ២០២២ នេះវិញ រដ្ឋាភិបាលនៃប្រទេសទាំង ២ សុទ្ធតែមានបំណងចង់បង្កើនទំហំពាណិជ្ជកម្មឲ្យបានរហូតដល់ ១០ ពាន់លានដុល្លារ ឬច្រើនជាងនេះ ខណៈគិតត្រឹមឆមាសទី ១ ទំហំពាណិជ្ជកម្មគឺមានជិត ២ ពាន់លានដុល្លារ៕