កាលពីថ្ងៃសុក្រកន្លងទៅ តុលាការទីក្រុងសៀងហៃបានសម្រេចដាក់ទោសមហាសេដ្ឋីចិន-កាណាដា Xiao Jianhua ឲ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ និងតម្រូវឲ្យក្រុមហ៊ុន Tomorrow Holdings របស់លោកបង់ប្រាក់ពិន័យប្រមាណ ៥៥,០៣ ពាន់លានយ័ន ឬ ៨,១ ពាន់លានដុល្លារ ក្រោយបុរសម្នាក់នេះរត់គេចខ្លួនអស់រយៈពេល ៥ ឆ្នាំ។
យោងតាមលិខិតពីតុលាការថ្នាក់កម្រិតមធ្យមទីក្រុងសៀងហៃបានឲ្យដឹងថា លោក Xiao និងក្រុមហ៊ុន Tomorrow Holdings គឺបានចោទប្រកាន់ពី បទកិបកេងលួចប្រាក់បញ្ញើសាធារណៈ ក្បត់ទំនុកចិត្តអតិថិជន ប្រើប្រាស់លុយខុសច្បាប់ និងជាប់ពាក់ព័ន្ធអំពើពុករលួយជាដើម។
ប្រភពដដែលបានបន្ថែមថា តាំងពីឆ្នាំ ២០០១ ដល់ ២០២១ លោក Xiao និងក្រុមហ៊ុនរបស់លោកបានផ្ដល់ជាភាគហ៊ុន អចលនទ្រព្យ និងលុយមួយចំនួនទៅកាន់អាជ្ញាធរសរុបប្រមាណ ៦៨០ លានយ័ន ជាថ្នូរនឹងការជួយក្រុមហ៊ុនគេចផុតពីការស៊ើបអង្កេតកន្លងទៅ។
សូមជម្រាបដែរថា មានមន្ទិលសង្ស័យថា លោក Xiao អាចប្រើប្រាស់សិទ្ធជាជនជាតិកាណាដាដើម្បីគេចវេសពីការផ្ដន្ទាទោសនៅចិន ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បាននិយាយថា Xiao នឹងមិនអាចរួចខ្លួនឡើយ ដ្បិតច្បាប់ប្រទេសចិនគឺមិនទទួលស្គាល់ពីប្រសិទ្ធភាពនៃការកាន់សញ្ជាតិ ២ ឡើយ៕