វៀតណាម ឈរលើគេនាមជាប្រទេសអាស៊ានមានទំហំសេដ្ឋកិច្ចជាមួយកម្ពុជាធំជាងគេ នៅត្រីមាសទីមួយ

អន្តរជាតិ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួនសរុប ១,៧២ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដែលបានកើនឡើង ១៣,៤% កាលពីឆ្នាំមុន ពីចំនួន ១,៥១ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្និន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញទៀតថា ការនាំទំនិញចេញពីកម្ពុជា មានចំនួន ៧៥៨,៨១ លានដុល្លារ ដែលកើនឡើង ៣,៩% ពីចំនួន និងការនាំចូលទំនិញពីប្រទេសវៀតណាមវិញ មានចំនួន ៩៦៣,២៣ លានដុល្លារ ដែលកើនឡើង ២២,៧% ។

ប្រភពខាងលើបានឱ្យដឹងទៀតថា សម្រាប់កំណើននៃការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម គឺភាគច្រើន ផ្តើមចេញពីផលិតផលកសិកម្ម ដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និងស្វាយចន្ទីជាដើម ចំណែកឯវៀតណាម បាននាំចូលទំនិញមកកម្ពុជាវិញ មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្មជាដើម ។

ទន្ទឹមនេះផងដែរ ថៃជាប្រទេសនៅអាស៊ាន ដែលមានទំហំពាណិជ្ជកម្មធំជាងគេទី ២ ជាមួយកម្ពុជា ខណ:ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានឈានដល់ ១,១៧ ពាន់លានដុល្លារ ក្នុងរយ:ពេល ៣ ខែដំបូងនៅឆ្នាំ ២០២២ នេះ ដែលកើនឡើង ១៦% សម្រាប់រយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ មានចំនួន ៣១៨ លានដុល្លារ កើនឡើង ២៨% ខណ:ការនាំចូលវិញ មានចំនួន ៨៥៦,៦ លានដុល្លារ កើនឡើង ១២% ធៀបនឹងឆ្នាំមុន ។

គួរកត់សម្គាល់ផងដែរថា ការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃនេះ គឺដោយសារតែមានការបន្ធូរបន្ថយការរឹតបន្តឹងនៅតាមព្រំដែន ។

ដោយឡែកសម្រាប់ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៣ មានទំហំពាណិជ្ជកម្មទ្វេរភាគីធំបំផុត ជាមួយកម្ពុជា ដោយប្រទេសទាំង ២ បានសម្រេចបាន ៩៨០ លានដុល្លារ នៅត្រឹមត្រីមាសទីមួយ ឆ្នាំនេះ ប៉ុន្តែវាបានធ្លាក់ចុះជិត ៦០% បើធៀបទៅនឹងឆ្នាំមុន ដែលមានទំហំពាណិជ្ជកម្ម ជាង ២,៤ ពាន់លានដុល្លារឯណោះ ៕