កាលពីថ្ងៃសុក្រសប្ដាហ៍មុន CFO ប្រចាំក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Twitter បានទម្លាយឲ្យដឹងថា បុគ្គលិកទាំងអស់ប្រហែលជាត្រូវខាតបង់ទឹកប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ទៅ ៥០% ដោយសារបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយពី The New York Times។
ប្រភពដដែលបានបន្ថែមថា បុគ្គលិកក្រុមហ៊ុន ២ រូប បានបង្ហាញសារទទួលបានពី Ned Segal ប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន ដែលមានអត្ថន័យថា គិតមកទល់ពេលនេះកញ្ចប់ឧបត្ថម្ភរបស់ក្រុមហ៊ុនទើបនឹងទទួលបាន ៥០% ប៉ុណ្ណោះ ដូច្នេះបុគ្គលិកទាំងអស់ប្រហែលជាត្រូវកាត់បន្ថយប្រាក់ឧបត្ថម្ភសម្រាប់ឆ្នាំនេះ។
សូមជម្រាបដែរថា មិនមែនមានតែ Twitter ឡើយដែលកំពុងប្រឈមនឹងបញ្ហាមួយនេះ ពោលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta, Alphabet និងក្រុមហ៊ុនជាច្រើនទៀតកំពុងដេកព្រួយ ខ្លាចវិស័យបច្ចេកវិទ្យាមានការដើរថយក្រោយវិញ ដោយសារវិបត្តិសេដ្ឋកិច្ច។
គួសរំលឹកដែរថា សម្រាប់ត្រីមាសទី ២ នេះវិញ Twitter បានទម្លាយថា ការខាតបង់នៅតែបន្តមានតាំងពីឆ្នាំ ២០២០ ខណៈមិនអាចកំណត់ពីទំហំជាក់លាក់បាន ដោយសារជាប់ក្ដីក្ដាំជាមួយ Elon Musk៕