រដ្ឋាភិបាលស្នើធនាគារកណ្ដាលចិនត្រៀមប្រាក់កម្ចី ៣០ ពាន់លានដុល្លារ ទប់ទល់វិបត្តិអចលនទ្រព្យ​

អន្តរជាតិ

ប៉ុន្មានខែ​ចុងក្រោយ​នេះ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​វិស័យ​ជា​ច្រើន​ទូទាំង​ពិភពលោក ហើយ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​ចិន​ហាក់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ស្ថិតិ​ផ្ដល់​ឲ្យ​ដោយ ធនាគារ Goldman Sachs បាន​បង្ហាញ​ថា ទិន្នន័យ​លក់​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​រហូត​ដល់ ២៩% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ការ​សាងសង់​ផ្ទះ​ថ្មី​បាន​ធ្លាក់​ដល់ ៤៥% ស្របពេល​កំណើន GDP ប្រចាំឆ្នាំ​វិញ​ដើរ​កាន់តែ​យឺត​ជាង​រាល់ដង។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ចិន​បាន​ចេញ​មុខ​ស្នើ​សុំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចជា​កាត់បន្ថយ​ការប្រាក់​សម្រាប់​វិនិយោគិន​នៅ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​ជា​ដើម។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Fortune។

ដោយឡែក Bloomberg វិញ​ក៏​បាន​រាយការណ៍​ដែរ​ថា រដ្ឋាភិបាល​បាន​ចូលរួម​ជាមួយ​ធនាគារកណ្ដាល​ចិន​ក្នុង​ការ​ត្រៀម​ប្រាក់​កម្ចី​ពិសេស​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ ជូន​ក្រុម​វិនិយោគិន​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា។

ទឹកប្រាក់​ទាំងនោះ គឺ​នឹង​ផ្ដល់​ជូន​ចំពោះ​តែ​ម្ចាស់គម្រោង​ណា​ដែល​កំពុង​ផ្អាក​ការ​សាងសង់ ប៉ុន្តែ​ត្រូវបាន​លក់ចេញ​អស់​តែ​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ពន្លឿន​ការ​សាងសង់​រាល់​គម្រោង​ដែល​បាន​លក់ចេញ តែ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​សម្រាប់​អតិថិជន៕