ក្រុមហ៊ុន Ford Motor មានគម្រោងនឹងកាត់បន្ថយបុគ្គលិកបន្ថែមប្រមាណ ៣ ០០០ កន្លែងទៀត ទូទាំងពិភពលោក ស្របពេលក្រុមហ៊ុនផលិតរថយន្តមួយនេះក៏កំពុងព្យាយាមកាត់បន្ថយការចំណាយក្រោមការគ្រប់គ្រងរបស់ CEO Jim Farley ផងដែរ។

ដោយឡែក បើតាមសម្ដីអ្នកនាំពាក្យក្រុមហ៊ុនបានអះអាងទៀតថា Ford បានចាប់ផ្ដើមផ្ដល់ដំណឹងដល់បុគ្គលិកពីការកាត់បន្ថយចំនួនបុគ្គលិកកាលពីថ្ងៃច័ន្ទ ខណៈក្នុងនោះនឹងកាត់បន្ថយលើបុគ្គលិកនៅការិយាល័យប្រមាណ ២ ០០០ នាក់ និង ១ ០០០ នាក់ទៀតជាភ្នាក់ងារលក់ នៅសាខានៃសហរដ្ឋអាមេរិក កាណាដា និងឥណ្ឌាជាដើម។

សូមជម្រាបដែរថា យុទ្ធសាស្ត្រកាត់បន្ថយបុគ្គលិកនេះ គឺជាវិធីសាស្ត្រចុងក្រោយបំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការចំណាយ ស្របពេលពួកគេកំពុងប្រឈមហានិភ័យចំពោះការដើរថយក្រោយនៃសេដ្ឋកិច្ច ជាមួយនឹងអតិផរណាកំពុងកៀកនឹងចំណុចខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។

ថ្វីបើ Ford បានអះអាងថា បុគ្គលិកប្រមាណ ៣ ០០០ នាក់ដែលនឹងត្រូវដកចេញពីក្រុមហ៊ុននឹងធ្វើឡើងទូទាំងសាខាជុំវិញពិភពលោក ប៉ុន្តែ CNBC សន្និដ្ឋានថា សាខាក្រុមហ៊ុននៅអាមេរិកខាងជើងទំនងនឹងរងផលប៉ះពាល់ខ្លាំងជាងគេ៕