ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា រុស្ស៊ីបានបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈកន្លងទៅ ហើយមកទល់ថ្ងៃពេលនេះ សង្គ្រាមគឺនៅមិនទាន់រកដំណោះស្រាយបញ្ចប់បាននៅឡើយ។
ដ្បិតវាមិនទាន់បានបញ្ចប់មែនពិត ប៉ុន្តែការនាំចេញ នាំចូលទំនិញនៃប្រទេសទាំង ២ ទៅលើទីផ្សារអន្តរជាតិហាក់មានភាពប្រសើរជាងរយៈពេលប៉ុន្មានខែមុនៗ តែទោះជាយ៉ាងណា វានៅតែមិនអាចប្រៀបទៅនឹងកាលមិនទាន់កើតសង្គ្រាមដដែល។
តួយ៉ាង យោងតាមរបាយការណ៍បង្ហាញដោយក្រសួងកសិកម្មបានឲ្យឃើញថា ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនទៅលើទីផ្សារអន្តរជាតិគឺ មានការធ្លាក់ចុះខ្លាំង ពោលគិតពីថ្ងៃទី ២៤ កុម្ភៈ ដល់ ១៥ សីហា វាបានធ្លាក់ចុះពី ១៩,៥ លានតោន មកសល់ត្រឹម ១០ លានតោនប៉ុណ្ណោះ។
ដោយឡែក សម្រាប់ទិន្នផលនៃឆ្នាំ ២០២២ នេះវិញ រឹតតែធ្លាក់ចុះ ពោលគេបានព្យាករណ៍ថា វាអាចនឹងធ្លាក់ពី ៨៦ លានតោន មកនៅត្រឹមប្រហែល ៥០ លានតោនប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ កាលពីសប្ដាហ៍មុនក្រសួងកសិកម្មបានអះអាងថា ការនាំចេញធញ្ញជាតិសម្រាប់រដូវកាល ២០២២/២៣ របស់អ៊ុយក្រែនបានធ្លាក់ចុះ ៥១,៦% កាលពីឆ្នាំទៅ មកនៅប្រហែល ៣ លានតោនប៉ុណ្ណោះ៕