ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ថ្មីៗនេះ បានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបើកហាងជាង ៥០ នៅទ្វីបអឺរ៉ុប អំឡុងពេលនិយាយ នៅឯសន្និសីទ និងពិព័រណ៍រថយន្តអគ្គិសនីអន្តរជាតិលើកទី ៣៥ (EVS35) ក្នុងប្រទេសន័រវេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VietnamPlus ។
តាមរយ:ការបង្ហាញផែនការនេះផងដែរ ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសវៀតណាម បានបង្ហាញថា យ៉ាងតិចហាង ២៥ កន្លែង និងបើកនៅក្នុងប្រទេសអាល្លឺម៉ង់ ខណ: ២០ កន្លែងនៅប្រទេសបារាំង និង ៥ កន្លែងទៀត នៅប្រទេសហូឡង់ ។
គួរឱ្យដឹងថា ហាងដំបូងនៅអឺរ៉ុប នឹងត្រូវសាងសង់ ក្នុងទីក្រុង Frankfurt , Berlin , Cologne , Oberhausen និង Hamburg នៃប្រទេសអាល្លឺម៉ង់ ស្របពេលនៅក្នុងបារាំង និងសាងសង់នៅទីក្រុង Nantes , Rennes , Nice , Montpellier , Aix en Provence និង Metz ហើយនៅហូឡង់ និងសាងសង់ក្នុងទីក្រុង Amsterdam ។
លោក Le Thi Thu Thuy អនុប្រធានរបស់ក្រុម Vingroup និងជានាយកប្រតិបត្តិរបស់ក្រុម VinFast Global បាននិយាយថា ៖ ” VinFast មិនត្រឹមតែនៅទីនេះ ដើម្បីលក់រថយន្តប៉ុណ្ណោះទេ តែយើងនៅទីនេះ ក៏ដើម្បីជំរុញដល់ការផ្លាស់ប្តូរ និងពន្លឿនដល់ការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីជាប្រយោជន៍ដល់បរិស្ថាន ” ។
មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ EVS35 នេះផងដែរ ក្រុមហ៊ុន VinFast បានដាក់តាំងបង្ហាញរថយន្តអគ្គិសនីវៃឆ្លាត ម៉ូដែល VF 8 និង VF 9 របស់ខ្លួន ដែលធ្លាប់បានដាក់បង្ហាញខ្លួន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង អំឡុងកម្មវិធីតាំងពិព័រណ៍រថយន្ត Los Angeles ឆ្នាំ ២០២១ និង CES ឆ្នាំ ២០២២ ផងដែរ ៕