គិតត្រឹមខែមិថុនា ២០២២ នេះ ការទូទាត់ធានារ៉ាប់រងភាពអត់ការងារធ្វើនៅចិនបានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជិត ១០ ឆ្នាំចុងក្រោយ ស្របពេលវិបត្តិសេដ្ឋកិច្ចកំពុងជួបផលវិបាកខ្លាំង។

យោងតាមការគណនាពី Reuters បានបង្ហាញថា ការទូទាត់ប្រាក់បានកើនដល់ ២៥៦,៦% បើធៀបនឹងឆ្នាំមុន ពោលវាបានឡើងដល់ ៣៧,១៩ ពាន់លានយ័ន ឬប្រមាណ ៥,៤២ ពាន់លានដុល្លារ ដែលជាចំណុចខ្ពស់បំផុតតាំងពីខែមករា ២០១៣។
សូមជម្រាបដែរថា មូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើរបស់ប្រទេសចិនត្រូវបានប្រមូលផ្តុំពីនិយោជក និយោជិត និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់តម្រូវការចាំបាច់ដល់ប្រជាជនដែលគ្មានការងារធ្វើ។

យ៉ាងណា បច្ចុប្បន្នបញ្ហាមួយនេះគឺជាបន្ទុកដ៏ធំបន្ថែមទៀតសម្រាប់រដ្ឋាភិបាលដែលកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីកូវីដ ១៩ស្រាប់ ស្របពេលវិស័យអចលនទ្រព្យក្នុងស្រុកក៏កំពុងស្ថិតនៅចំណុចប្រកាសអាសន្នថែមទៀត។
គួរបញ្ជាក់ដែរថា ដើម្បីដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានព្យាយាមបង្កើនការងារនៅតាមទីជនបទប្រមាណ ១១ លានកន្លែងនៅឆ្នាំនេះ ហើយក្នុងរយៈពេល ៧ ខែតំបូងនៃឆ្នាំ ២០២២ ផែនការមួយនេះសម្រេចបាន ៧១,២%៕