ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Shimao ស្នើផែនការរៀបចំបំណុលឡើងវិញ ជាង ១១ ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Shimao Group ថ្មីៗនេះ បានស្នើផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក្រោយលក្ខខណ្ឌពីរប្រភេទ សម្រាប់ម្ចាស់បំណុលនៅខាងក្រៅប្រទេស ដើម្បីសងបំណុលចំនួន ១១,៨ ពាន់លានដុល្លារ ក្នុងរយ:ពេលចន្លោះពី ៣ ទៅ ៨ ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានខកខានកាតព្វកិច្ចក្នុងការសងបំណុលក្រៅប្រទេសកាលពីខែមុន តែឥឡូវនេះ ពួកគេបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំដំបូងគេ ដែលចាប់ផ្តើមចរចាលើលក្ខខណ្ឌ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយម្ចាស់បំណុលក្រៅប្រទេស ។

គួរឱ្យដឹងថា Shimao ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ចិន ទីប្រាំមួយ ដែលចេញប័ណ្ណបំណុលក្រៅប្រទេសច្រើនជាងគេ តែទោះជាយ៉ាងណាក៏ដោយ ផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ Shimao នេះ នឹងមិនរាប់បញ្ចូលបំណុលក្រៅប្រទេស ចំនួន ២,៣ ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីគម្រោងបរទេស និងប្រាក់កម្ចី ដែលគាំទ្រដោយស្ថាប័នហិរញ្ញវត្ថុ នៅចិនដីគោកឡើយ ។

យោងតាមប្រភពមួយ បានឱ្យដឹងថា ការមិនសប្បាយចិត្តចំពោះសំណើនេះ ម្ចាស់បំណុលនៅក្រៅប្រទេស គ្រោងនឹងស្នើសុំឱ្យក្រុមហ៊ុន Shimao ធ្វើការសងបំណុលដល់ម្ចាស់បំណុលបរទេសទាំងអស់ដោយស្មើភាពគ្នា ។

តែទោះជាយ៉ាងណាក៏ដោយ តាមរយ:លក្ខខណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ចំនួន ១១,៨ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Shimao បានស្នើឡើងនោះ នឹងត្រូវទូទាត់សងទៅលើបំណុលប្រភេទ A ដែលមានទឹកប្រាក់ចំនួន ៤,៦៥ ពាន់លានដុល្លារ នៃប្រាក់កម្ចីរួម និងប្រាក់កម្ចីទ្វេភាគី ដែលត្រូវបានធានា ក្រោមកាលវិភាគក្នុងការបង់រំលស់ ចន្លោះពេល ៣៦ ទៅ ៧២ ខែ ។

សម្រាប់បំណុលប្រភេទ B ដែលមានចំនួនសរុប ៧,១៣ ពាន់លានដុល្លារ ដែលសុទ្ធសឹងជាមូលបត្របំណុលសាធារណ: និងឯកជន រួមទាំងប្រាក់កម្ចីទ្វេភាគី ដែលមិនមានការធានា ក៏នឹងត្រូវសងវិញជាក្រដាសប្រាក់ថ្មីចំនួន ៦ ដែលមានតម្លៃចន្លោះពី ៦% ទៅ ២៣% សម្រាប់ការទាមទរ ដែលមានកាលកំណត់ចន្លោះពី ៣៩ ទៅ ៩៣ ខែ ៕