ចំនួនប្រជាជនដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរទូទាំងពិភពលោកបានកើនដល់ចំណុចគួរឲ្យបារម្ភ ពោលគឺកើនឡើងលើសទ្វេដងបើធៀបនឹងឆ្នាំ ២០១៩ ដល់ទៅ ៣៤៥ លាននាក់។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយកម្មវិធីស្បៀងអាហារពិភពលោក WFP។

មុនមានការរាតត្បាតជំងឺកូវីដ ១៩ ប្រជាជនប្រមាណ ១៣៥ លាននាក់គឺបានជួបប្រទះនឹងបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ ហើយមកទល់ពេលនេះតួលេខបានកើនឡើងខ្ពស់គួរឲ្យបារម្ភ បណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ និងសង្គ្រាម។ នេះបើតាមសម្ដីប្រធានផ្នែកតាមតំបន់ WFP បានប្រាប់ Reuters។

ប្រភពដដែលបានបង្ហើបថា តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង គឺទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដ្បិតតំបន់ ២ នេះពឹងផ្អែកខ្លាំងលើការនាំចូលស្បៀងអាហារតាមរយៈផ្លូវសមុទ្រ Black Sea។

សូមជម្រាបដែរថា WFP រាល់ថ្ងៃគឺអាចមានលទ្ធភាពជួយដល់មនុស្សប្រមាណ ១៣ លាននាក់ក្នុងចំណោម ១៦ លាននាក់ដែលកំពុងត្រូវការអាហារ ប៉ុន្តែជំនួយទាំងអស់គឺមិនអាចរ៉ាប់រងបានទាំងស្រុងឡើយ ដ្បិតអង្គការមួយនេះក៏កំពុងខ្វះខាតថវិកាផងដែរ។

ដូច្នេះហើយទើបកន្លងមក WFP តែងតែទទូចជារឿយៗដល់ក្រុមមហាសេដ្ឋីមានលុយហូរហៀរដូចជា Elon Musk, Jeff Bezos ជាដើម ក្នុងការជួយដោះស្រាយបញ្ហាកង្វះស្បៀងអាហារជុំវិញពិភពលោកមួយនេះ ប៉ុន្តែលទ្ធផលមិនសូវបានផ្លែផ្កាឡើយ៕