Alibaba ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុននាំមុខគេលើពិភពលោក នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក បើនិយាយឱ្យស្រួលស្តាប់ទៅគឺជាការលក់ទំនិញនៅលើប្រព័ន្ធអនឡាញ ។
កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុនរបស់ចិនមួយនេះ បានបោះផ្សាយមូលបត្រជាសាធារណ:លើកដំបូង IPO ក្នុងទីផ្សារហ៊ុននៅទីក្រុងញូវយ៉ក ក្នុងតម្លៃបំបែកកំណត់ត្រា ២៥ ពាន់លានដុល្លារ ហើយបានក្លាយជាក្រុមហ៊ុនមានការផ្តល់ជូនភាគហ៊ុនសាធារណ:ដ៏ធំបំផុតរបស់ពិភពលោក ។
បើនិយាយដល់ Alibaba អ្នកទាំងអស់គ្នា ច្បាស់ជានឹកឃើញដល់មហាសេដ្ជី Jack Ma ជាក់ជាមិនខាន ដោយបុរសម្នាក់នេះ គឺជាសហស្ថាបនិក និងជាអ្នកកាន់ភាគហ៊ុនធំបំផុតមួយរបស់ក្រុមហ៊ុនផងដែរ។ ប៉ុន្តែបើមើលឱ្យមែនទែនទៅ Jack Ma មិនមែនជាអ្នក ដែលមានភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន Alibaba នោះឡើយ ។
ខាងក្រោមនេះ គឺជាស្ថាប័ន និងម្ចាស់ភាគហ៊ុនឯកជនធំបំផុតទាំង ៥ នៅក្នុងក្រុមហ៊ុន Alibaba គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ ៖
១. SoftBank Group
បច្ចុប្បន្ន ភាគហ៊ុនរបស់ SoftBank នៅក្នុងក្រុមហ៊ុន Alibaba មានប្រមាណ ២៤% ហើយគឺជាម្ចាស់ភាគហ៊ុនធំជាងគេ។ កាលពីឆ្នាំ ២០០០ នៅពេលក្រុមហ៊ុន Alibaba ទើបបង្កើតឡើងដំបូងៗ SoftBank បានសម្រេចចិត្តបោះទុនវិនិយោគ ២០ លានដុល្លារ ដែលធ្វើឱ្យពួកគេទទួលបាននូវចំណែកភាគហ៊ុនច្រើនជាងគេ។ ហើយឥឡូវនេះ ភាគហ៊ុន Alibaba របស់ SoftBank មានតម្លៃជិត ៥៧ លានដុល្លារហើយ ។
២. Jack Ma
ត្បិតមានឈ្មោះជាសហស្ថាបនិកក៏ពិតមែន តែលោក Jack Ma បានកាន់កាប់ភាគហ៊ុនត្រឹមតែ ៦,២% ហើយកាលពីឆ្នាំ ២០២០ កន្លងទៅ វាត្រូវបានគេដឹងថា ភាគហ៊ុនរបស់លោក Ma បានធ្លាក់ចុះមកនៅសល់ត្រឹមតែ ៤,៨% ប៉ុណ្ណោះ ។
៣. Joseph Tsai
ដោយជាសហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន Alibaba លោក Joseph គឺជាម្ចាស់ភាគហ៊ុនធំជាងគេទី ៣ ដោយបច្ចុប្បន្ន លោកមានភាគហ៊ុនក្នុងដៃ ចំនួន ១,៤% ។
៤. Goldman Sachs
ជាធនាគារវិនិយោគសកល និងជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលត្រូវបានបង្កើតឡើងនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ ១៨៦៩ បច្ចុប្បន្ន Goldman Sachs មានសិទ្ធកាន់កាប់ភាគហ៊ុន ក្នុងក្រុមហ៊ុន Alibaba ចំនួន ០,៨៤% ។
៥. Primecap Mgmt
ជាម្ចាស់ភាគហ៊ុនធំជាងគេទី ៥ នៅក្នុងក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ន Primecap ដែលជាក្រុមហ៊ុនគ្រប់គ្រងផលប័ត្រភាគហ៊ុនសម្រាប់មូលនិធិទៅវិញទៅមក និងអ្នកវិនិយោគស្ថាប័នផ្សេងទៀត កំពុងកាន់កាប់ភាគហ៊ុនប្រហែល ០,៦៤% ។