ប្រទេសវៀតណាម បានធ្វើការនាំចូលផលិតផលប្រេងចំនួន ៥,៦៥ លានតោន ជាមួយតម្លៃសរុប ៥,៩៥ ពាន់លានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ ២០២២ មកទល់នឹងពេលនេះ ដែលជាចំនួនច្រើនជាងពាក់កណ្តាល ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះប្រេងម៉ាស៊ូត វៀតណាមបាននាំចូលមកកាន់ប្រទេសច្រើនបំផុត ក្នុងចំនួនប្រមាណ ៣,១៧ លានតោន ។
គួរឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គឺជាប្រភពធំជាងគេ របស់វៀតណាម សម្រាប់ការនាំចូលប្រេង ដែលមានចំនួន ២,១៧ លានតោន កើនឡើង ៩២% ធៀបនឹងឆ្នាំមុន ខណ:តាមពីក្រោយដោយប្រទេសម៉ាឡេស៊ី ដែលមានចំនួន ៨១៥ ០០០ តោន និងសិង្ហបុរី ចំនួន ៧៥៣ ០០០០ តោន ។
កាលពីខែកុម្ភ:កន្លងទៅ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម ប្រគល់ភារកិច្ចដល់ក្រុមហ៊ុនចែកចាយប្រេងក្នុងប្រទេសចំនួន ១០ ជាមួយនឹងការបង្កើន ការនាំចូលប្រេងបន្ថែមទៀត នៅក្នុងត្រីមាសទីពីរ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក ស្របពេលរោងចក្រចម្រាញ់ប្រេង Nghi Son ដែលបំពេញតម្រូវការប្រហែលមួយភាគបី នៃប្រេងសរុបរបស់ប្រទេស ក៏បានសម្រេចចិត្តមិនធ្វើការចែកចាយប្រេងទៅក្រៅប្រទេសផងដែរ ដើម្បីទុកផ្គត់ផ្គង់ នៅក្នុងខែមេសា និងខែឧសភា ។
បញ្ជាក់ផងដែរថា តម្លៃប្រេងសាំងវៀតណាម ត្រូវបានគេសង្កេតឃើងថា មានការឡើងថ្លៃ ១៣ ដង និងធ្លាក់ចុះមកវិញចំនួន ៧ ដងរួចមកហើយ ក្នុងរយ:ពេលមួយឆ្នាំកន្លងមកនេះ ។
ប៉ុន្តែសម្រាប់តម្លៃប្រេងសាំងបច្ចុប្បន្នរបស់វៀណាម មានតម្លៃ ២៤ ៦៦៦ ដុង ឬ ១,០៥ ដុល្លារ ក្នុងមួយលីត្រ ៕