អតីតប្រធានាធិបតី Gotabaya Rajapaksa អាចនឹងវិលត្រឡប់ចូលស្រុកកំណើតវិញក្នុងរយៈពេល ២ សប្ដាហ៍ទៀត បន្ទាប់ពីរត់គេចខ្លួនកាលពីខែកក្កដា។ នេះបើតាមប្រភពជិតស្និទ្ធ ២ បានទម្លាយប្រាប់ Reuters កាលពីថ្ងៃទី ២៣ សីហា។
ប្រភពមួយក្នុងចំណោម ២ នោះបានប្រាប់សារព័ត៌មាន Reuters ថា មូលហេតុចំបងមួយដែលអតីតថ្នាក់ដឹកនាំខាងលើសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារតម្លៃស្នាក់នៅប្រទេសថៃ មានតម្លៃថ្លៃខ្លាំងពេក។
“គាត់ពិតជាចង់ត្រឡប់មកវិញ ប៉ុន្តែផ្នែកសន្តិសុខគឺនៅតែជាបញ្ហាសំខាន់ ហើយក្រុមស៊ើបការណ៍ឲ្យដំបូន្មានលោកថា គួរតែពន្យារពេលត្រឡប់ចូលស្រុកវិញសិន។ គាត់អាចនឹងមកវិញក្នុងរយៈពេល ២ សប្ដាហ៍ ឬលឿនជាងនេះ បើសិនជាមានការរឹតបន្តឹងផ្នែកសុវត្ថិភាព”។ នេះបើតាមសម្ដីរបស់មន្ត្រីស្រីលង្កាបានប្រាប់ Reuters។
យ៉ាងណា ប្រធានាធិបតីថ្មី Wickremesinghe បានប្រាប់ប្រភពខាងលើកាលពីសប្ដាហ៍មុនថា មិនបានទទួលដំណឹងអ្វីពីការចង់វិលត្រឡប់ចូលស្រុកកំណើតវិញរបស់អតីតថ្នាក់ដឹកនាំឡើយ ហើយបើសិនជាលោក Rajapaksa វិលមកពិតមែន នោះលោកនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់របស់ប្រទេសស្រីលង្កា៕