កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន Panasonic Holdings Corp បានទម្លាយថា កំពុងពិភាក្សាលើគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ជាមួយតម្លៃប្រមាណ ៤ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Wall Street Journal។

ប្រភពដដែលបានបន្ថែមទៀតថា Panasonic គឺបានសម្លឹងឃើញ Oklahoma ជាទីតាំងសក្ដិសមបំផុតសម្រាប់ការសាងសង់រោងចក្រមួយនេះ ស្របពេលអាជ្ញាធរប្រចាំតំបន់អះអាងថា វាអាចផ្ដល់ឱកាសការងារ ៤ ០០០ កន្លែងនៅទីនោះ។

ក្រៅពី Oklahoma ក្រុមហ៊ុនយក្សរបស់ជប៉ុនក៏កំពុងពិចារណាលើទីតាំងនៅតំបន់ភូមិសាស្ត្រ Kansas ផងដែរ ជាមួយគោលបំណងដូចគ្នា គឺងាយស្រួលផ្គត់ផ្គង់ទំនិញជូនដៃគូពាណិជ្ជកម្មកាន់ឆ្នាំ Tesla។

សូមជម្រាបដែរថា Panasonic គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកធំបំផុតប្រចាំប្រទេសជប៉ុន និងជាក្រុមហ៊ុនលំដាប់លេខរៀងទី ១៤ ប្រចាំប្រទេសដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំច្រើនបំផុត៕