TotalEnergies គ្រោងលក់ភាគហ៊ុនខ្លួន ទៅឱ្យក្រុមហ៊ុនប្រេងរុស្ស៊ី ក្រោយរងការចោទប្រកាន់

អន្តរជាតិ

ក្រុមហ៊ុន TotalEnergies ដែលកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ជុំវិញទំនាក់ទំនងអាជីវកម្មផ្សេងៗរបស់ខ្លួន ជាមួយរុស្ស៊ី ថ្មីៗនេះ បាននិយាយថាខ្លួននឹងលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Terneftegaz ទៅឱ្យក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រុស្ស៊ី Novatek ដែលជាដៃគូបណ្តាក់ទុនរួមគ្នា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់បារាំងមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនៃការលក់នេះ រំពឹងទុកថានឹងអាចបិទបញ្ចប់ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២២ នេះ ដោយអាស្រ័យទៅលើលក្ខខណ្ឌមួយចំនួន ។

គួរឱ្យដឹងផងដែរថា នៅសប្តាហ៍នេះ TotalEnergies បាននិងកំពុងប្រឈមមុខជាមួយនឹងសម្ពាធយ៉ាងខ្លាំង ជុំវិញទំនាក់ទំនងរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Terneftgaz ដែលត្រូវបានគេចោទប្រកាន់ថា កំពុងផ្គត់ផ្គង់សាំងយន្តហោះ សម្រាប់ការប្រើប្រាស់ នៅក្នុងមូលដ្ឋានទ័ពរបស់រុស្ស៊ី ចំនួន ២ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើបានចេញមុខច្រានចោលចចាមអារ៉ាមទាំងនេះវិញ ហើយថែមទាំងបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនដែលលក់ប្រេងឱ្យកងកម្លាំងយោធារបស់រុស្ស៊ីឡើយ ហើយប្រេងឥន្ធន:របស់ខ្លួនទាំងនោះ គឺសម្រាប់តែការនាំចេញប៉ុណ្ណោះ ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗ នៅរុស្ស៊ីជាច្រើន នៅតែបន្តទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច និងពិភពលោកទាំងមូល ខណ:បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយអស់រយ:ពេល ៦ ខែមកហើយ ៕