កាលពីពេលថ្មីៗនេះ អចលនទ្រព្យថ្លៃបំផុតនៅឌូបៃរកឃើញម្ចាស់ហើយ ខណៈ Bloomberg បានទម្លាយថា ម្ចាស់កម្មសិទ្ធអចលនទ្រព្យតម្លៃរាប់សិបលានដុល្លារមួយនេះ គឺជាក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Mukesh Ambani។

Bloomberg ក៏បានរាយការណ៍ដែរថា ភូមិគ្រឹះខាងលើមានតម្លៃប្រមាណ ៨០ លានដុល្លារ ហើយការទិញយកមួយនេះគឺជា ការលក់អចលនទ្រព្យថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រទីក្រុងឌូបៃ។

សារព័ត៌មានមានមូលដ្ឋាននៅទីក្រុង New York ថែមទាំងបង្ហើបទៀតថា Ambani ទិញភូមិគ្រឹះនៅតំបន់ Palm Jumeirah ដើម្បីជាកាដូផ្ដល់ឲ្យកូនប្រុសពៅ Anant ដែលជាបេក្ខភាពមួយរូបក្នុងការក្លាយជាអ្នកស្នងមរតករាប់សិបពាន់លានដុល្លារពីឪពុក។

ដោយឡែក ភូមិគ្រឹះមួយនេះគឺ មានបន្ទប់គេង ១០ បន្ទប់ អាងហែលទឹកទាំងក្នុង និងក្រៅ និងមានទីតាំងស្ថិតនៅភាគខាងជើងនៃកោះសិប្បនិមិត្តនៃទីក្រុងឌូបៃ៕