ជឿថា អ្នកណាៗក៏ស្គាល់ពីស្ថាបនិក Amazon លោក Jeff Bezos ដែរ ដ្បិតមុនមាន Elon Musk ជាមហាសេដ្ឋីមានបំផុតលើលោក តំណែងមួយនេះធ្លាប់បានគ្រប់គ្រងដោយអតីត CEO ក្រុមហ៊ុន Amazon អស់រយៈពេលជាច្រើនឆ្នាំ។

ដ្បិតលែងក្លាយជាមហាសេដ្ឋីមានបំផុតលើលោកក្ដី ក៏ Jeff Bezos នៅតែគ្រងតំណែងជាអ្នកមានបំផុតលើលោកទី ៣ ជាមួយទ្រព្យសម្បត្តិប្រមាណ ១៥៥ ពាន់លានដុល្លារផងដែរ។ នេះបើតាមទិន្នន័យចុះផ្សាយដោយ Forbes។

កន្លងមកលោកអ្នកប្រហែលជាធ្លាប់ដឹងខ្លះៗពីប្រវត្តិអាជីវកម្មរបស់មហាសេដ្ឋីអាមេរិកខាងលើ ដែលគោលបំណងនៃការបង្កើត Amazon តំបូង គឺដើម្បីតែលក់សៀវភៅប៉ុណ្ណោះ មុនពេលផ្លេតហ្វមមួយនេះពង្រីកខ្លួនកាន់តែធំ រហូតក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយលើលោក។
យ៉ាងណា បើយោងតាមការចុះផ្សាយពី Yourstory បានទម្លាយថា មុនបង្កើត Amazon លោក Jeff Bezos ទទួលបានការងារតំបូងនៅទសវត្សឆ្នាំ ១៩៨០ នៅភោជនីយដ្ឋាន McDonald ក្នុងនាមជាអ្នកបំពងដំឡូងបារាំង ដែលទទួលបានកម្រៃប្រមាណ ២ ដុល្លារ/ម៉ោង។

នេះអាចជាមេរៀនមួយដែលបង្រៀនយើងថា រាល់ការជោគជ័យធំធេងទាំងអស់គឺ ផ្ដើមចេញពីចំណុចតូចតាចទៅជាបណ្ដើរៗ តួយ៉ាងមិនមែនមានតែ Jeff Bezos ម្នាក់ឡើយដែលធ្លាប់ធ្វើការបានកម្រៃតិចតួច មុនពេលក្លាយជាមហាសេដ្ឋី ពោលសូម្បីតែ Warren Buffet ក៏ដូចគ្នា ដែលការងារតំបូងរបស់លោក ទទួលបានប្រាក់ខែត្រឹមប្រមាណ ១៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ៕