មួយរយៈកាលចុងក្រោយនេះ សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារជាសកលមានការរាំងស្ទាំង ដោយសាររុស្ស៊ី និងអ៊ុយក្រែនដែលជាប្រទេសនាំចេញស្រូវសាលីធំបំផុតមួយលើលោក កំពុងជាប់ដៃធ្វើសង្គ្រាម។
យ៉ាងណា ក្រោយមានការអន្តរាគមន៍ពីប្រទេសមហាអំណាចជាច្រើន ភាគីទាំងសងខាងបានព្រមព្រៀងនាំចេញផលិតផលកសិកម្មរបស់ពួកគេឡើងវិញ ហើយក្នុងនោះប្រទេសបង់ក្លាដេសបានព្រមព្រៀងជាមួយរដ្ឋាភិបាលរុស្ស៊ីក្នុងការនាំចូលស្រូវសាលីប្រមាណកន្លះលានតោន។ នេះបើតាមការចុះផ្សាយពី CNA។
ក្នុងនោះផងដែរ បង់ក្លាដេសយល់ព្រមជាមួយរុស្ស៊ីក្នុងការទូទាត់លុយសម្រាប់ស្រូវសាលី ៥០០ ០០០ តោន ក្នុងតម្លៃ ៤៥០ ដុល្លារ/តោន ដែលមានន័យថា ប្រទេសនៅអាស៊ីខាងត្បូងមួយនេះនឹងចំណាយថវិកាប្រមាណ ២២៥ លានដុល្លារអាមេរិកលើការនាំចូលស្រូវសាលីពីរុស្ស៊ី។
ក្នុងកិច្ចព្រមព្រៀងនេះផងដែរ បានធ្វើឡើងបន្ទាប់ពីឥណ្ឌាដែលជាម៉ូយធំរបស់បង់ក្លាដេស អាក់ខានក្នុងការផ្គត់ផ្គង់ផលិតផលជូនប្រទេសជិតខាង ជាហេតុតម្រូវឲ្យប្រទេសមួយនេះងាកមកចរចាជាមួយរុស្ស៊ីវិញ។
សូមជម្រាបដែរថា បើសិនជាការចរចាអាចប្រព្រឹត្តទៅរលូន នោះរដ្ឋាភិបាលបង់ក្លាដេស និងរុស្ស៊ីនឹងចុះកិច្ចព្រមព្រៀងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈការដឹកជញ្ជូននឹងធ្វើឡើងនៅខែមករាឆ្នាំក្រោយ។ នេះបើតាមសម្ដីរបស់មន្ត្រីពាក់ព័ន្ធមួយរូបបានបង្ហើបប្រាប់ CNA៕