គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ តម្លៃផ្ទះនៅហុងកុងបានបន្តធ្លាក់ចុះដល់ ១,៦% ដែល ជាចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប្រមាណ ២,៥ ឆ្នាំចុងក្រោយ បន្ទាប់ពីទីក្រុងដីកោះមួយនេះទទួលរងឥទ្ធិពលពីការរាតត្បាតជំងឺកូវីដ ១៩ បណ្ដាលឲ្យសេដ្ឋកិច្ចក្នុងស្រុកដាំក្បាលចុះ។

យោងតាមទិន្នន័យពីរដ្ឋាភិបាលបានបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះសរុបនៅទីក្រុងហុងកុងបានធ្លាក់ចុះពី ៣៨២,៤ នៅខែមិថុនា មកសល់ត្រឹម ៣៧៦,១ នៅខែកក្កដា។ នេះបើតាមការចុះផ្សាយពី SCMP។

ប្រភពដដែលបានបន្ថែមទៀតថា តាំងពីបើកទំព័រឆ្នាំ ២០២២ មកទល់ពេលនេះ តម្លៃផ្ទះនៅហុងកុងធ្លាក់ចុះ ៤,៥% ខណៈខែកក្កដាគឺជាខែទី ៣ ដែលតម្លៃផ្ទះនៅទីនោះមានការធ្លាក់ចុះផ្ទួនៗ។

បន្ថែមពីនោះ អ្នកជំនាញបានព្យាករណ៍ទៀតថា តម្លៃផ្ទះនៅហុងកុងនឹងបន្តដាំក្បាលចុះថែមទៀតនៅក្នុងឆ្នាំនេះ ហើយវាអាចនឹងបន្តធ្លាក់ចុះរហូតដល់ ១០% ឯណោះ ទម្រាំដល់ដាច់ឆ្នាំ ២០២២៕