កាលពីពេលកន្លងទៅ ប្រទេសប៉ាគីស្ថានបានជួបប្រទះគ្រោះទឹកជំនន់ដែលបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសមួយនេះ ពោលមានមនុស្សយ៉ាងហោចណាស់ ១ ១៣៦ នាក់បានបាត់បង់ជីវិត ខណៈប្រជាជនច្រើនជាង ៣៣ លាននាក់រងផលប៉ះពាល់ពីគ្រោះមហន្តរាយមួយនេះ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីផែនការប្រចាំប្រទេសខាងលើបានអះអាងថា គ្រោះទឹកជំនន់មួយនេះបានធ្វើឲ្យប្រទេសប៉ាគីស្ថានខាតបង់ប្រាក់តិចបំផុតក៏ ១០ ពាន់លានដុល្លារផងដែរ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានជួយជំនួយ ១,១ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី BBC។

ដោយឡែកបើតាមសម្ដីរបស់លោក Ahsan Iqbal មន្ត្រីផែនការបានប្រាប់ Reuters បានឲ្យដឹងថា៖ “ខ្ញុំគិតថា វានឹងត្រូវចំណាយច្រើន ព្រោះគិតត្រួសៗវាអាចមានចំនួនច្រើនជាង ១០ ពាន់លានដុល្លារបាត់ហើយ”។

បន្ថែមពីនោះ មន្ត្រីខាងលើបានបង្ហាញការព្រួយបារម្ភថា ប៉ាគីស្ថានទំនងនឹងអាចជួបវិបត្តិកង្វះចំណីអាហារថែមទៀតនៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈគ្រោះទឹកជំនន់សារនេះគឺវាអាក្រក់ជាងកាលឆ្នាំ ២០១០ ដែលបានធ្វើឲ្យប្រជាជនច្រើនជាង ២ ពាន់នាក់បាត់បង់ជីវិតថែមទៀត៕