ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង LG Energy Solution បានប្រកាសអំពីការបណ្តាក់ទុនរួមគ្នា ដើម្បីវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីថ្មីមួយ នៅលើទឹកដីសហរដ្ឋអាមេរិក ។
ការបោះជំហានថ្មីនេះ បានកើតឡើង បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសកាលពីសប្តាហ៍មុនថា នឹងលែងឱ្យមានការប្រើប្រាស់រថយន្តប្រើសាំង នៅត្រឹមឆ្នាំ ២០៣៥ ខណ:ពេលដែលរដ្ឋផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ក៏នឹងត្រូវអនុវត្តតាមដូចគ្នា ។
នៅក្នុងសេចក្តីថ្លែងការជារួមមួយ ក្រុមហ៊ុនធំៗទាំង ២ បាននិយាយថា ការសាងសង់រោងចក្រថ្មីនេះ រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ ក្នុងគោលបំណង ដើម្បីបង្កើនការផលិតអាគុយលីចូម-អ៊ីយ៉ុង ទ្រង់ទ្រាយធំ ស្របតាមផែនការ នៅឆ្នាំ ២០២៥ ។
ក្រុមហ៊ុនបានបន្ថែមទៀតថា ដោយមើលឃើញទីផ្សាររថយន្តអគ្គិសនី នៅអាមេរិក កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវានឹងធ្វើឱ្យពួកគេ ស្ថិតនៅក្នុងទីតាំងដ៏ល្អបំផុត ដើម្បីកំណត់គោលដៅដល់ការពង្រីកការផលិរថយន្តអគ្គិសនីក្នុងស្រុក និងផ្តល់ការធានាលើការផ្គត់ផ្គង់អាគុយ EV ទាន់ពេលវេលា ។
គួរឱ្យដឹងផងដែរថា កាលពីខែមុន ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ជប៉ុន Panasonic និងជាក្រុមហ៊ុនដែលផ្គត់ផ្គង់ សម្រាប់ Tesla ផងនោះ បានប្រកាសពីការវិនិយោគរបស់ខ្លួន ចំនួន ៤ ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រអាគុយថ្មីមួយ នៅសហរដ្ឋអាមេរិកផងដែរ ៕