UN៖ ការឡើងថ្លៃទំនិញ ជាហេតុផលចំបងអាចបង្កឲ្យកើតជាវិបត្តិចំណីអាហារ

អន្តរជាតិ

តម្លៃ​ទំនិញ​នៅ​តែ​បន្តឡើងថ្លៃ​ឥតឈប់ឈរ​ តាំងពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ស្របពេល​បម្រែបម្រួល​អាកាសធាតុ​ថែមទៀត វា​រឹតតែ​ធ្វើ​ឲ្យ​សង្វាក់ផ្គត់ផ្គង់​អាហារ​លើ​ទីផ្សារ​មាន​ការ​រាំងស្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទង​នឹង​បញ្ហា​មួយ​នេះ អ្នកជំនាញ​ជាច្រើន​សុទ្ធ​តែ​បង្ហាញ​ក្ដី​បារម្ភ​ថា វិបត្តិ​កង្វះ​ចំណី​អាហារ​ជា​សកល​នឹង​អាច​កើតមាន​ឡើង បើសិន​ជា​សង្វាក់​ផ្គត់ផ្គង់​ចំណី​អាហារ​នៅ​តែ​បង្ហាញ​សញ្ញា​អវិជ្ជមាន។

ដោយឡែក យោង​តាម​ទិន្នន័យ​អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ការ​ឡើង​ថ្លៃ​អាហារ​អាច​ជា​ហេតុផល​ចំបង​មួយ​ដែល​បង្ក​ឲ្យ​កើត​ជា​វិបត្តិ​កង្វះ​ចំណី​អាហារ ស្របពេល​ការ​ផ្គត់ផ្គង់​គឺ​មិនខ្វះ​ឡើយ។

នេះ​ក៏​មាន​ន័យ​ថា បើសិនជា​ទំនិញ​នៅ​តែ​បន្ត​ឡើង​ថ្លៃ នោះ​ប្រជាជន​មាន​កម្រិត​ជីវភាព​ក្រីក្រ​នឹង​ជួប​ប្រទះ​វិបត្តិ​កង្វះ​ចំណី​អាហារ ស្របពេល​អ្នកមាន​គឺ​នៅ​តែ​សំបូរ​ហូរហៀរ​ដដែល។​ តួយ៉ាង​តម្លៃ​អាហារ​បាន​បន្ត​ឡើង​ថ្លៃ ១៣% នៅខែកក្កដា បើ​ធៀប​នឹង​ឆ្នាំ​ទៅ ស្របពេល UN សន្និដ្ឋាន​ថា តម្លៃ​អាហារ​សកល​នឹង​បន្ត​ឡើង​ថ្លៃ ៨,៥% នៅ​ឆ្នាំ ២០២៧។

សូមជម្រាប​ដែរថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​តម្លៃ​អាហារ​ឡើង​ថ្លៃ ហើយ​ក្នុង​នោះ​ការ​ឡើងថ្លៃ​ជី​ដែល​នាំ​ចេញ​ពី​រុស្ស៊ី គឺ​ជា​ហេតុផល​សំខាន់​មួយ​ ដ្បិត​មហាអំណាច​មួយ​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ជី​ធំ​បំផុត​មួយ​លើ​លោក៕