គ្រោះទឹកជំនន់នៅប៉ាគីស្ថានបានបង្កផលវិបាកជាខ្លាំងដល់ប្រទេសមួយនេះ ដ្បិតរដ្ឋមន្ត្រីផែនការប្រចាំប្រទេសអះអាងថា គ្រោះទុរភិក្សមួយនេះបានធ្វើឲ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារ ហើយនេះទំនងជាគ្រោះទឹកជំនន់អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រថែមទៀត។

ទន្ទឹមនឹងនោះ ប្រទេសជាច្រើនបានចូលរួមផ្ដល់ជំនួយដល់ប្រទេសនៅអាស៊ីខាងត្បូងខាងលើ ដូចជាអាមេរិកអះអាងនឹងផ្ដល់ថវិកាប្រមាណ ៣០ លានដុល្លារ តាមរយៈអង្គការ USAID ស្របពេលអង្គការសហប្រជាជាតិធានាជួយ ១៦០ លានដុល្លារ។

ក្រៅពីនោះ ក៏មានប្រទេសនៅអាស៊ានដូចជា សិង្ហបុរីផងដែរយល់ព្រមផ្ដល់ជំនួយប្រមាណ ៥០ ០០០ ដុល្លារ លើការផ្គត់ផ្គង់អាហារ ថ្នាំសង្កូវផ្សេងៗដល់ក្រុមគ្រួសារដែលជួបប្រទះគ្រោះមហន្តរាយមួយនេះ។

មិនតែប៉ុណ្ណោះ អង្គការកាកបាទក្រហមសិង្ហបុរីបានអះអាងថា ពួកគេនឹងបង្កើតមូលនិធិរៃអង្គាសសម្រាប់ប៉ាគីស្ថានពីថ្ងៃទី ២៩ សីហា ដល់ ៣០ វិច្ឆិកា ក្នុងការស្វែងរកជំនួយដើម្បីស្ដារប្រទេសឡើងវិញ ខណៈ IMF បានជួយជាជំនួយប្រមាណជាង ១ ពាន់លានដុល្លារទៅកាន់ប្រទេសមួយនេះ៕